ព្រះសង្ឃ និងមហាជនមកពីគ្រប់ទិសទី បានចូលរួមក្នុងព្រឹត្តិការណ៍ ព្យុហយាត្រា ដើរដើម្បីសន្តិភាព
ភ្នំពេញ៖ ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ ។ ព្រះសង្ឃ និងមហាជនមកពីគ្រប់ទិសទី រាប់ម៉ឺនអង្គ/នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព (March for Peace) ដើម្បីបង្ហាញស្មារតីគាំទ្រសន្តិភាព នារសៀលថ្ងៃទី១៨ធ្នូ ឆ្នាំ២០២៥ ។

ព្រឹត្តិការណ៍នេះ បង្ហាញពីជំហានរបស់កម្ពុជា គឺជាជំហានដ៏មានអត្ថន័យជ្រាលជ្រៅ ក្នុងការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា យើងមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ ។ សំឡេងរបស់យើង គឺជាសំឡេងឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់។

គួរបញ្ជាក់ថា កងកម្លាំងយោធាថៃ បានកំពុងបន្តការបាញ់ ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១២ ហើយ ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនស៉ីវិលកម្ពុជា ១៨នាក់ស្លាប់, ៧៩នាក់រងរបួស និង៤៨ម៉ឺននាក់ត្រូវបានជម្លៀស ដោយសារទាហានថៃឈ្លានពានទន្ទ្រានទឹកដីកម្ពុជា ។

ភាគីថៃ នៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីកម្ពុជា និងភាគីថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕
អត្ថបទ៖ វណ្ណលុក, រូប៖ សួង ពិសិដ្ឋ







