អាល្លឺម៉ង់ចាយ ៣ ពាន់លានដុល្លារទៀត ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសបន្ថែមពីអ៊ីស្រាអែល
ប៊ែរឡាំង ៖ សភាអាល្លឺម៉ង់បានអនុម័តកិច្ចព្រមព្រៀងមានតម្លៃ ៣,១ពាន់លានដុល្លារ ដើម្បីបញ្ជាទិញបន្ថែមនូវប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយឆ្ងាយ Arrow 3 របស់អ៊ីស្រាអែល ។
បើតាមក្រសួងការពារជាតិអ៊ីស្រាអែល, កិច្ចព្រមព្រៀងចុងក្រោយនេះ នឹងបំពេញបន្ថែមពីលើកិច្ចព្រមព្រៀងទិញដំបូង ដែលបានចុះហត្ថលេខាដោយអ៊ីស្រាអែល និងអាល្លឺម៉ង់កាលពីប្រហែលពីរឆ្នាំមុន ដែលមានតម្លៃប្រហែល ៣,៥ពាន់លានដុល្លារ ។
ក្រសួងបន្ថែមថា បើគិតទាំងកិច្ចព្រមព្រៀងមុននឹងក្រោយ មានទឹកប្រាក់សរុបប្រហែល ៦,៥ពាន់លានដុល្លារនេះ ធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀងនាំចេញសព្វាវុធការពារជាតិដ៏ធំបំផុតមិនធ្លាប់មានសម្រាប់អ៊ីស្រាអែល ។
យោធាអាល្លឺម៉ង់បានដាក់ពង្រាយកញ្ចប់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow 3 ជាលើកដំបូង ទៅក្នុងជួរកងទ័ពកាលពីដើមខែធ្នូនេះ ក្រោយចុះកុងត្រាទិញវាពីអ៊ីស្រាអែលកាលពីឆ្នាំ ២០២៣ ។
ក្រៅពីទិញសព្វាវុធពីអ៊ីស្រាអែល អាល្លឺម៉ង់ក៏ជាប្រទេសផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលវិញផងដែរ ។ តួយ៉ាង បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera, អាល្លឺម៉ង់គឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេទីពីររបស់អ៊ីស្រាអែល បន្ទាប់ពីអាមេរិក ៕
ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា
