ទីក្រុងប៉េកាំងចោទអាមេរិកបំពានគោលការណ៍ចិនតែមួយ ក្រោយលក់អាវុធតម្លៃ ១១,១ ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ចេញមុខចោទប្រកាន់អាមេរិកចំៗថា បានរំលោភបំពានលើ “គោលការណ៍ចិនតែមួយ” បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនអនុម័តលក់កញ្ចប់សព្វាវុធដ៏ធំបំផុតក្នុងតម្លៃ ១១,១ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ។

ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់អាវុធនេះ គ្របដណ្តប់លើគ្រឿងសព្វាវុធចំនួន៨មុខ រួមមានប្រព័ន្ធរ៉ុកែ្កត HIMARS, កាំភ្លើងធំ, មីស៊ីលប្រឆាំងរថក្រោះ Javelin, យានដ្រូនរាវរកគោលដៅ Altius និងគ្រឿងបន្លាស់សម្រាប់ឧបករណ៍យោធាដទៃទៀត ។

ពាក់ព័ន្ធបញ្ហានេះ លោក Guo បានសង្កត់ធ្ងន់ថា ការគាំទ្រឯករាជ្យរបស់តៃវ៉ាន់ តាមរយៈការលក់សព្វាវុធឱ្យកោះនេះ គឺប្រៀបដូចជាអាមេរិកកំពុងធ្វើឱ្យខ្លួនឯងរងរបួស ។ ទោះបីជាយ៉ាងណា រាល់ការប៉ុនប៉ងណាមួយ ដើម្បីប្រើប្រាស់តៃវ៉ាន់ជាអាវុធទប់ទល់ឥទ្ធិពលចិន នឹងត្រូវបរាជ័យ ។

ដោយមានការគាំទ្រពីអាមេរិក កោះតៃវ៉ាន់កំពុងប្រឹងប្រែងពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីអាចមានលទ្ធភាពទប់ទល់ជាមួយកម្លាំងយោធាដ៏មានឥទ្ធិពលរបស់មហាយក្សចិន ដែលមានទំហំធំជាងខ្លួនឆ្ងាយខ្លាំង ។

ក្រៅពីការលក់អាវុធ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោក Trump ដែលបានបង្ហាញកាលពីដើមខែនេះ បានសង្កត់ធ្ងន់ថា អាមេរិកមានគោលបំណងទប់ស្កាត់ជម្លោះកើតលើកោះតៃវ៉ាន់ ដើម្បីរក្សាការប្រកួតប្រជែងផ្នែកយោធាក្នុងតំបន់ប្រឆាំងនឹងប្រទេសចិន ។ បើតាមការព្រមានរបស់លោកប្រធានាធិបតីតៃវ៉ាន់ Lai Ching-te, ប្រទេសចិនមានគោលបំណងវាយដណ្តើមយកកោះមួយនេះនៅឆ្នាំ ២០២៧ ៕

ប្រភព ៖ CNBC និង CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner