Honda នឹងផ្អាកដំណើរការរោងចក្រផលិតឡាននៅ ជប៉ុន និងចិន

តូក្យូ ៖ ក្រុមហ៊ុន Honda Motor នឹងបញ្ឈប់ប្រតិបត្តិការក្នុងរោងចក្រផលិតឡានមួយចំនួន ទាំងនៅប្រទេសជប៉ុន និងចិន នាចន្លោះចុងខែធ្នូនេះ និងដើមខែមករាឆ្នាំក្រោយ ដោយសារតែកង្វះខាតឧបករណ៍អេឡិចត្រូនិក ។ នេះបើតាម NHK ចុះផ្សាយថ្ងៃព្រហស្បតិ៍ ។

ការប្រកាសនេះកើតឡើងក្រោយក្រុមហ៊ុនផលិតឡានខ្នាតយក្សរបស់ជប៉ុនមួយនេះ បានផ្អាកដំណើរការផលិតកម្មបណ្តោះអាសន្នក្នុងប្រទេសម៉ិកស៊ិក ក្រោមហេតុផលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកកាលពីកំឡុងខែតុលា និងខែវិច្ឆិកា ។

យោងតាមការលើកឡើងរបស់ក្រុមហ៊ុន Honda, ខ្លួននឹងផ្អាកដំណើរការក្នុងរោងចក្រផលិតឡានចំនួន៣ទីតាំងក្នុងប្រទេសចិនរយៈពេល៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៩ ខែធ្នូ។ ជាមួយគ្នានេះ Honda ក៏នឹងផ្អាកផលិតកម្មក្នុងរោងចក្រមួយចំនួនក្នុងប្រទេសជប៉ុន នៅថ្ងៃទី៥ និង៥ ខែមករាឆ្នាំក្រោយផងដែរ ។

គួរបញ្ជាក់ថា កង្វះខាតឧបករណ៍អេឡិចត្រូនិកនៅម៉ិកស៊ិក កើតចេញពីជម្លោះរវាងហូឡង់ និងចិន លើការគ្រប់គ្រងក្រុមហ៊ុនផលិតបន្ទះឈីប ដែលនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្ខំឱ្យបិទរោងចក្រទាំងនៅអាមេរិក រួមទាំងកាណាដា ។

នៅក្នុងទស្សនវិស័យហិរញ្ញវត្ថសម្រាប់ឆ្នាំសារពើពន្ធ ដែលបញ្ចប់នៅខែមីនា ឆ្នាំ ២០២៦ ដែលចេញផ្សាយក្នុងខែវិច្ឆិកាឆ្នាំនេះ ក្រុមហ៊ុន Honda ព្យាករថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន នឹងត្រូវកាត់បន្ថយច្រើនជាង ៩៦០លានដុល្លារ ដោយសារតែការថយចុះទិន្នផលឡាន ដែលបណ្តាលមកពីកង្វះខាតបន្ទះឈីប។ ហើយតួលេននេះអាចនឹងកើនឡើងថែមទៀត ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner