ប៉ូឡូញគំរាមថា ប្រព័ន្ធ Patriot ត្រៀមរួចរាល់ ដើម្បីបាញ់កម្ទេចវត្ថុហោះបំពានដែនអាកាសខ្លួន

វ៉ាសូវី ៖ មេដឹកនាំប៉ូឡូញប្រកាសព្រមានក្តែងៗថា ប្រព័ន្ធការពារដែនអាកាស Patriot របស់ខ្លួន បានត្រៀមលក្ខណៈពេញលេញរួចរាល់ហើយ ដើម្បីបាញ់កម្ទេចរាល់វត្ថុនានា មិនថាជាយន្តហោះចម្បាំង និងដ្រូន ឱ្យតែហោះរំលោភចូលដែនអាកាសប្រទេសរបស់ខ្លួន ។

អនុនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានគំរាមបែបនេះ កំឡុងពេលចុះត្រួតពិនិត្យកងអនុសេនាធំមីស៊ីលការពារដែនអាកាសទី ៣៧ នៅទីក្រុង Sochaczew ភាគកណ្តាលប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ ។

នេះគឺជាអង្គភាពដំបូងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធប៉ូឡូញ ដែលបំពាក់ដោយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ជាអ្វីដែលលោកអនុនាយករដ្ឋមន្រ្តី Kosiniak-Kamysz បានព័រណ៌ថា គឺជាកងកម្លាំងដ៏សំខាន់មួយនៅក្នុងកម្មវិធីការពារជាតិរបស់ប្រទេសប៉ូឡូញ ។

ប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលផលិតដោយអាមេរិក គឺជាប្រព័ន្ធមីស៊ីលចល័តបាញ់ចេញពីដីទៅអាកាស ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់ និងបំផ្លាញការគំរាមកំហែង មានដូចជាយន្តហោះចម្បាំង មីស៊ីលបញ្ជាទិស យានដ្រូន និងមីស៊ីលផ្លោងយុទ្ធសាស្ត្រជាដើម ។

ប៉ូឡូញបានចុះកុងត្រាទិញប្រព័ន្ធ Patriot ដំបូងក្នុងឆ្នាំ ២០១៨ ដែលមានតម្លៃប្រហែល ៤,៧៥ពាន់លានដុល្លារ ហើយការដឹកជញ្ជូនបានបញ្ចប់នៅឆ្នាំ ២០២២ ។ បើតាមប្រមុខការពារជាតិប៉ូឡូញ, ប្រទេសខ្លួននឹងទទួលបានប្រព័ន្ធ Patriot ចំនួន ៤៨គ្រឿងបន្ថែមទៀត នៅចន្លោះឆ្នាំ ២០២៧-២០២៩ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner