សមាជិកសភាបារាំងជំរុញឲ្យប្រធានាធិបតីម៉ាក្រុងជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
នៅក្នុងអត្ថបទទស្សនៈមួយចុះផ្សាយកាលពីថ្ងៃម្សិលមិញនៅក្នុងកាសែតបារាំងឡុបពីញ៉ុង(L’Opinion) លោក វ៉ាំងសង់ អឺប្លេ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា, លោក ថូម៉ាស់ ឡំ សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា រួមជាមួយសមាជិកសភាបារាំង២៤នាក់ទៀត បានអំពាវនាវឲ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីមួយរបស់បារាំង ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ។
នៅក្នុងលិខិតនេះ សមាជិកសភាបារាំងបានរំលឹកឡើងវិញថា ជម្លោះព្រំដែនបច្ចុប្បន្នមានជាប់ពាក់ព័ន្ធមួយផ្នែកជាមួយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ កត្តាប្រវត្តិសាស្ត្រនេះមិនមែនជាការផ្តល់សិទ្ធិឲ្យបារាំងជ្រៀតជ្រែកក្នុងការងារព្រំដែននេះទេ ប៉ុន្តែវាផ្តល់ឲ្យបារាំងនូវការទទួលខុសត្រូវជាក់លាក់មួយ ៖ គឺការប្រើប្រាស់ចំណេះដឹងស៊ីជម្រៅរបស់ខ្លួនអំពីតំបន់នេះ និងជំនាញសន្ទនារបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សន្តិភាព។
សមាជិកសភាបារាំងបន្ថែមថា ចំពោះការផ្តួចផ្តើមគំនិតដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ មិនមែនមានន័យថា បារាំងត្រូវធ្វើជាអាជ្ញាកណ្តាលនោះទេ ប៉ុន្តែបារាំងត្រូវបង្កើតបរិយាកាសនៃការជឿទុកចិត្ត។ ក្នុងន័យនេះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅនៅសៀមរាបក្នុងឆ្នាំ២០២៦ គឺជាឱកាសដ៏មានពិសេសមួយ។ ជាក់ស្តែង បារាំងអាចស្នើឲ្យមានការបង្កើតក្រុមហ្រ្វង់កូហ្វូនីមួយដើម្បីជួយគាំទ្រប្រទេសទាំងពីរ។ ក្រុមនេះនឹងប្រមូលផ្តុំអ្នកជំនាញផ្នែកច្បាប់ ផ្នែកភូមិសាស្ត្រ និងអ្នកឯកទេសក្នុងការដោះស្រាយជម្លោះទឹកដីដោយសន្តិវិធី។ ក្រុមគាំទ្រនេះត្រូវមានលក្ខណៈសាមញ្ញ និងអព្យាក្រឹតនេះ ហើយត្រូវបង្កើតឡើងតាមសំណើរបស់គូភាគី ដើម្បីជួយស្តារលក្ខខណ្ឌសម្រាប់ការសន្ទនាដោយសន្តិវិធី។
ដោយសហការជាមួយសហភាពអឺរ៉ុប និងដំណើរការស្របគ្នាទាំងស្រុងជាមួយយន្តការអាស៊ាន គំនិតផ្តួចផ្តើមបែបនេះអាចពង្រឹងទំនុកចិត្តទៅវិញទៅមក និងជួយប្រទេសទាំងពីរឲ្យឈានទៅរកដំណោះស្រាយយូរអង្វែង ដោយផ្អែកលើស្ថិរភាព និងការគោរពអធិបតេយ្យភាពរបស់ពួកគេ។
សមាជិកសភាបារាំងលើកឡើងទៀតថា ក្នុងស្ថានភាពបច្ចុប្បន្ន បារាំងមិនត្រូវគិតថា ខ្លួនឯងជាប្រទេសមានអំណាចថយចុះនោះទេ ប៉ុន្តែជាប្រទេសមានអំណាចផ្សេងពីគេ។ វាអាស្រ័យលើប្រទេសបារាំងក្នុងការសម្រេចចិត្តថា តើខ្លួនចង់ធ្វើត្រឹមជាអ្នកទស្សនា ឬជាអ្នកដើរតួ។ សមាជិកសភាបារាំងជឿជាក់ថា វាជាកាតព្វកិច្ចរបស់ បារាំងក្នុងការធ្វើសកម្មភាពពេលនេះ។ ការគោរពច្បាប់អន្តរជាតិ ការមិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី នៅតែជាមធ្យោបាយយូរអង្វែងតែមួយគត់ ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។