សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៦ចំណុចដល់វេទិកានិពន្ធនាយកសារព័ត៌មានលើកទី២២
ភ្នំពេញ៖ តាមរយៈសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់និពន្ធនាយកសារព័ត៌មានបន្តយកចិត្តទុកដាក់អនុវត្ត។
អាន៖ពេញមួយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជាបានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ«តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដោយមានការចូលរួមពីអ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានជិត២០០នាក់ និងវាគ្មិនដៃលមានបទពិសោធន៍លើវិស័យសារព័តមាន។
បន្តវេនពីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន, ក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងបានផ្តល់នូវសារលិខិតចូលរួមរាល់វេទិកានិពន្ធនាយកសារព័ត៌មាន ដែលប្រារព្ធជាទៀងទាត់ប្រចាំឆ្នាំ។ដោយឡែកវេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំ២០២៥ សាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីការកត់សម្គាល់នូវស្ថានភាពជាក់ស្តែងក្នុងសភាពការណ៍ថ្មី សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍លើ៦ ចំណុច
ក្នុងនោះ ៖ ១- សូមលើកកម្ពស់មនសិការស្នេហាជាតិ និងត្រូវបន្តចូលរួមឱ្យកាន់តែសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ ការពារអធិបតេយ្យនិងបូរណភាពទឹកដី រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
២- ត្រូវពង្រឹងការគ្រប់គ្រងអង្គភាព លើកកម្ពស់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈរបស់ អ្នកសារព័ត៌មានឱ្យបានល្អប្រសើរ និងត្រូវពង្រឹងគុណវុឌ្ឍនិងវិជ្ជាជីវៈសារព័ត៌មាន តាមរយៈ ការរៀបចំ និង/ឬ ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលឱ្យបានជាប្រចាំ។
៣- ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចុះយកព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន អនុវត្តតាមការណែនាំ របស់សមត្ថកិច្ចពាក់ព័ន្ធ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មាន បំភ្លៃ ដែលបង្កឱ្យស្ថានភាពជម្លោះកាន់តែមានភាពតានតឹង ជាឧបសគ្គដល់កិច្ចសន្ទនាស្វែងរក សន្តិភាព។
៤- រាល់ការផ្សព្វផ្សាយព័ត៌មាន ជាពិសេស ព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះព្រំដែន ជាមួយប្រទេសជិតខាង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យបានហ្មត់ចត់ ចៀសវាងការផ្សព្វផ្សាយព័ត៌មានខុសឬមិនពិត ព័ត៌មានប្រឌិតញុះញង់បញ្ឆេះកំហឹងជាតិសាសន៍ និងពង្រីកបញ្ហាជម្លោះ ឱ្យកាន់តែធំធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ការបំបែកបំបាក់សាមគ្គីជាតិនិងឯកភាពជាតិ ឬបង្កឱ្យមានការភាន់ច្រឡំ ក្នុងចំណោមសាធារណជនជាតិ-អន្តរជាតិ។ រាល់ការផ្សាយនិងចែករំលែកព័ត៌មាន ត្រូវធានាថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ឬបង្កការរំខានដល់ការបំពេញបេសកកម្មរបស់កងទ័ព ជួរមុខឡើយ។
៥- សូមបន្តណែនាំនិងពង្រឹងស្មារតីវិជ្ជាជីវៈបន្ថែម ដោយមិនត្រូវធ្វើការផ្សព្វផ្សាយ និងចែករំលែក ព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ ព្រមទាំងការសម្ងាត់របស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិនិង បង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ សូមពង្រឹង និងយកចិត្តទុកដាក់តាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិដែលនឹង ផ្តល់ព័ត៌មានជាប្រចាំពីការវិវត្តនៃស្ថានការណ៍ និងទី៦- សូមរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចែករំលែកបន្តនូវសារមួយចំនួន ដែលផ្សព្វផ្សាយពី សំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានដោយគ្មានប្រភព ច្បាស់លាស់។ ក្នុងកាលៈទេសៈនេះ សូមបន្តតាមដាន និងទទួលនូវព័ត៌មានពីប្រភពផ្លូវការនានា ជាពិសេស ក្រសួងការពារជាតិកម្ពុជា ដែលផ្តល់ព័ត៌មានពិត និងមាន ប្រភពច្បាស់លាស់ពីសមរភូមិមុខ និងពីអាជ្ញាធរខេត្តពាក់ព័ន្ធ។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ដែលតែងតែប្រកាន់ នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការពារប្រជាជននិងការពារបូរណភាព ទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។សម្ដេចធិបតីក៏សង្ឃឹមថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៥ ទទួលបាន លទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីបន្តជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត ។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា(វ.ន.ស.ក)លើកទី២២ ដែលមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីជាង១០០ស្ថាប័ន បានសម្រេចនូវសេចក្តីថ្លែងការណ៍រួមមាន១៣ ចំណុច ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងដំណើររួមឆ្ពោះទៅការលើកកម្ពស់សេរីភាពរបស់អ្នកសារព័ត៌មានក្នុងពេលមានជម្លោះព្រំដែន៕





ដោយ៖វណ្ណលុក