លោក ពូទីន បង្ហាញឆន្ទៈចង់បញ្ចប់សង្គ្រាមអ៊ុយក្រែន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអះអាងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ និងមានឆន្ទៈ ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តាមរយៈដំណោះស្រាយដោយសន្តិភាព ។
មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំថា យើងជឿជាក់ថា ភាគីអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមក្នុងទម្រង់ណាមួយ នៃការចរចាបញ្ចប់ជម្លោះ ។ លោកថា រុស្ស៊ីក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ និងមានការប្តេជ្ញាចិត្តដូចគ្នា ក្នុងការនាំយកជម្លោះនេះទៅរកដំណោះស្រាយដោយសន្តិវិធី ។
ប៉ុន្តែត្រូវតែផ្អែកលើគោលការណ៍ ដែលលោកបានគូសបញ្ជាក់កាលពីខែមិថុនាឆ្នាំមុន នៅក្រសួងការបរទេសរុស្ស៊ី រួមជាមួយការលុបបំបាត់មូលហេតុដំបូង ដែលបង្កឱ្យមានសង្គ្រាមមួយនេះឡើង ។
ម្យ៉ាងវិញទៀត រុស្ស៊ីនៅមិនទាន់មើលឃើញការចង្អុលបង្ហាញណាមួយ ដែលសបញ្ជាក់ថា អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាអំពីបញ្ហាទឹកដីនៅឡើយទេ ។
យោងតាមសារព័ត៌មាន RT, សព្វថ្ងៃ រុស្ស៉ីកំពុងគ្រប់គ្រង ១៩ភាគរយនៃទឹកដីអ៊ុយក្រែន ក្នុងនោះរួមមានទាំងតំបន់ Crimea ដែលទីក្រុងមូស្គូបានក្រសោបយកាលពីឆ្នាំ ២០១៤ រួមទាំងទឹកដីភាគច្រើននៃតំបន់ Donbas, Kherson និង Zaporizhzhia ។
រុស្ស៉ីក៏បានអះអាងដែរថា ទឹកដីអ៊ុយក្រែនដែលបានរៀបរាប់ទាំងនេះ បានជាផ្នែកមួយនៃទឹកដីរបស់ប្រទេសរុស្ស៉ីហើយ ប៉ុន្តែអ៊ុយក្រែនបានឆ្លើយតបវិញថា ខ្លួននឹងមិនទទួលយកជាដាច់ខាត ហើយថា ស្ទើរតែគ្រប់ប្រទេសទាំងអស់ចាត់ទុកតំបន់ទាំងនោះ ជាផ្នែកមួយនៃទឹកដីអ៊ុយក្រែន ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
