អាមេរិកចាយ ៤០០លានដុល្លារទិញយន្តហោះប៊ូអ៊ីង 747-8 ទុកស្វាគមន៍ប្រធានាធិបតីថ្មីបន្ទាប់ពីលោក ត្រាំ

វ៉ាស៊ីនតោន ៖ កងទ័ពអាមេរិក ថ្មីៗនេះបានប្រកាសពីផែនការបញ្ជាទិញយន្តហោះប៊ូអ៊ីងខ្នាតធំ 747-8 ចំនួនពីរគ្រឿង ក្នុងតម្លៃប្រហែល ៤០០លានដុល្លារ តាមរយៈក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ដើម្បីគាំទ្រដល់កម្មវិធីដឹកជញ្ជូនផ្លូវអាកាសរបស់ប្រធានាធិបតីថ្មីនាពេលអនាគត ដែលនឹងឡើងស្នងតំណែងលោក ដូណាល់ ត្រាំ ។

កងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងបញ្ជាទិញយន្តហោះខ្នាតធំចំនួនពីរគ្រឿង រួមទាំងការបណ្តុះបណ្តាល និងគ្រឿងបន្លាស់នៃកងយន្តហោះ 747-8 ដែលត្រៀមចូលខ្លួនមកជំនួសយន្តហោះ Air Force One ម៉ូដែលប៊ូអ៊ីង 747-200 ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ។

បើតាមសារព័ត៌មាន CNN, យន្តហោះប៊ូអ៊ីង 747-8 មួយគ្រឿងដំបូង នឹងត្រូវបានដឹកជញ្ជូននៅដើមឆ្នាំក្រោយ ហើយយន្តហោះទីពីរត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនមុនចុងឆ្នាំ ២០២៦ ។

គួរបញ្ជាក់ថា យន្តហោះ Air Force One ដែលបច្ចុប្បន្នកងទ័ពអាកាសអាមេរិកប្រើសម្រាប់ដឹកលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះ ត្រូវបានគេរំពឹងថា នឹងចូលនិវត្តន៍នៅពាក់កណ្តាលឆ្នាំ ២០២៨ ។

បើមិនមានអ្វីប្រែប្រួលទេ លោកប្រធានាធិបតី ត្រាំ អាចនឹងបានជិះយន្តហោះថ្មីមួយគ្រឿងដំបូង ក្នុងចំណោមយន្តហោះថ្មីចំនួនពីរគ្រឿង មុនពេលលោកបញ្ចប់អាណត្តិទី២របស់គាត់ ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner