អាមេរិកវាយប្រហារផ្លូវអាកាសធំបំផុតប្រឆាំងពួករដ្ឋឥស្លាម IS នៅស៊ីរី

វ៉ាស៊ីនតោន ៖ ភ្លើងសង្គ្រាមដុតកម្លាចក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម IS ចាប់ផ្តើមពុះកញ្ជ្រោលឡើងវិញ នៅពេលរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ចេញកងយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រប្រយុទ្ធ និងកាំភ្លើងធំវាយកម្ទេចច្រើនជាង ៧០ទីតាំងរបស់ពួកភេរវករមួយនេះ ។

មន្ទីរបញ្ចកោណបានអះអាងថា នេះគឺជាប្រតិបត្តិការយោធាទ្រង់ទ្រាយធំបំផុត ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅលើទឹកដីប្រទេស៊ីរី ។ ជាមួយគ្នានេះ លោកឧត្តមនាវីឯក Brad Cooper បានប្តេជ្ញាថា អាមេរិកនឹងបន្តតាមប្រមាញ់មិនសម្រាក ដើម្បីកម្ចាត់ពួកភេរវករ ។

រីឯលោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិពណ៌នាប្រតិបត្តិការនេះថា ជាការសងសឹកដ៏សាហាវបំផុត ឆ្លើយតបការសម្លាប់ជនជាតិអាមេរិកចំនួន ៣នាក់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅទីក្រុង Palmyra ភាគកណ្តាលប្រទេសស៊ីរី ។ មកទល់ពេលនេះ គ្មានក្រុមសកម្មប្រយុទ្ធណាមួយ ចេញមុខទទួលខុសត្រូវនោះទេ ។

យោងតាមសេចក្តីរាយការណ៍របស់ BBC, សម្ព័ន្ធមិត្តនៃក្រុមអ្នកប្រយុទ្ធស៊ីរី ដែលគាំទ្រដោយអាមេរិក បានប្រកាសក្នុងឆ្នាំ២០១៩ថា ក្រុមរដ្ឋឥស្លាមបានបាត់បង់ទឹកដីចុងក្រោយ ដែលខ្លួនធ្លាប់គ្រប់គ្រងនៅស៊ីរី ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមជីហាដមួយនេះនៅតែបន្តធ្វើការវាយប្រហារនៅឡើយ ។

ផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, ក្រុមភេរវកររដ្ឋឥស្លាមនៅតែមានពួកសកម្មប្រយុទ្ធចន្លោះ ៥,០០០ ទៅ ៧,០០០នាក់នៅលើទឹកដីប្រទេសស៊ីរី និងអ៊ីរ៉ាក់ ៕

ប្រភព ៖ AFP និង BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner