ចិនសម្ញែងយន្តហោះដ្រូនបំបាំងកាយទំនើបបំផុត បំពាក់មីស៊ីលប្រឆាំងវិទ្យុសកម្ម
ប៉េកាំង ៖ ប្រទេសចិនបានបញ្ចេញយន្តហោះគ្មានមនុស្សបើកបំបាំងកាយជំនាន់ចុងក្រោយបង្អស់ មានឈ្មោះថា CH-7 ដែលអាចបំពាក់ជាមួយមីស៊ីលប្រឆាំងវិទ្យុសកម្ម ដែលទើបបញ្ចប់ការសាកល្បងហោះហើរជាលើកដំបូងដោយជោគជ័យថ្មីៗនេះ ។
ការសម្ញែងយន្តហោះដ្រូនដ៏ទំនើបនេះ បានបង្ហាញពីភាពរីកចម្រើននៃឧស្សាហកម្មការពារជាតិរបស់មហាយក្សចិនថែមមួយកម្រិតទៀត និងជាការពង្រីកឃ្លាំងអាវុធដំណើរការស្វ័យប្រវត្តិយ៉ាងឆាប់រហ័សរបស់ទីក្រុងប៉េកាំង ។
យន្តហោះគ្មានមនុស្សបើក CH-7 ត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយអង្គភាពមួយនៅក្នុង CASC (China Aerospace Science and Technology Corporation) ។ លក្ខណៈពិសេសៗរបស់ដ្រូនបំបាំងកាយចិននេះ មានដូចជា CH-7 មានស្លាបប្រវែង ២២ម៉ែត្រ និងប្រវែង ១០ម៉ែត្រ ។
វាអាចហោះហើរក្នុងល្បឿនលឿនជាងសំលេង ០.៥ដង ជាមួយនឹងល្បឿន ៩២០គីឡូម៉ែត្រក្នុងមួយម៉ោង និងរយៈកម្ពស់ប្រហែល ១៣គីឡូម៉ែត្រ ។ ដ្រូន CH-7 អាចហោះហើរក្នុងរយៈពេលប្រហែល ១៥ម៉ោង ដែលស្មើនឹងចម្ងាយប្រមាណ ២,០០០គីឡូម៉ែត្រ ។ បន្ថែមលើនេះ វាអាចផ្ទុកមីស៊ីលប្រឆាំងវិទ្យុសកម្ម និងអាវុធធុនធ្ងន់ដទៃទៀតផងដែរ ។
បើនិយាយពីសមត្ថភាព និងការរចនារបស់ដ្រូនបំបាំងកាយនេះវិញ គឺត្រូវបានបង្កើតឡើងជាពិសេស ដើម្បីឈ្លបយកការណ៍ ឬស៊ើបការណ៍សម្ងាត់ ហើយវាក៏អាចហោះក្នុងរយៈកម្ពស់ខ្ពស់បានយូរ ដើម្បីស្វែងរកទីតាំងសត្រូវផងដែរ ។ លើសពីនេះ វាក៏មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាជាច្រើន ក្នុងគោលបំណងការពារខ្លួន និងអាចលាក់ខ្លួនពីការរកឃើញរបស់ប្រព័ន្ធរ៉ាដា និងដំណើរការដោយស្វ័យប្រវត្តិ ។
សូមបញ្ជាក់ថា បន្ទាប់ពីចំណាយពេលអភិវឌ្ឈជាច្រើនឆ្នាំ និងបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យជាលើកដំបូងនោះ យន្តហោះដ្រូនបំបាំងកាយ CH-7 របស់ប្រទេសចិននេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតចែកចាយជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ៕
ប្រភព ៖ The Star និង The War Zone ប្រែសម្រួល ៖ ឈឹម ទីណា
