កម្ពុជា និងឡាវ ដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត ដំណាក់កាលទី២
ភ្នំពេញ៖ ប្រជាជនឡាវ ដែលធ្វើដំណើរមកកម្ពុជា អាចទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅកម្ពុជា ដោយពុំចាំបាច់យកក្រដាសប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ ។ នេះបើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ក្រោយប្រទេសទាំងពីរ បានដាក់ឱ្យដំណើរការជាផ្លូវការ នូវការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងកម្ពុជា និងឡាវ ដំណាក់កាលទី២ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាលធនាគារកណ្ដាលឡាវ ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងប្រទេសទាំងពីរ ត្រូវបានបែងចែកជា ២ដំណាក់កាល ដោយដំណាក់កាលទី១ ដាក់ឱ្យដំណើរការដោយជោគជ័យកាលពីថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៣ បានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅប្រទេសឡាវ ដោយស្កេនឡាវឃ្យូអរកូត (LAOQR) តាមកម្មវិធីបាគង ឬកម្មវិធីធនាគាចល័ត ។

សម្រាប់ដំណាក់កាលទី២នេះ ប្រជាជនឡាវ ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជាដោយស្កេនខេអេចឃ្យូអរកូត (KHQR Codes) តាមកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រទេសឡាវ ដោយពុំចាំបាច់យកក្រដាសប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ ។
លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាសមិទ្ធផល កម្រិត បច្ចេកទេសប៉ុណ្ណោះទេ តែក៏ជាស្ពានតភ្ជាប់រវាងវប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ គំនិតផ្ដួចផ្ដើមនេះមានសក្ដានុពលក្នុង ១/-ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈប្រតិបត្តិការទូទាត់ឌីជីថលដែលសុវត្ថិភាព ២/-ការពង្រឹងវិស័យទេសចរណ៍ តាមរយៈការរៀបចំដំណើរការទូទាត់ដែលងាយស្រួល និង ៣/-ការលើកកម្ពស់ការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន ។
លោកជំទាវ Bounkham Vorachit ក៏បានលើកឡើង ផងដែរថា៖ “ការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជានិងប្រទេសឡាវ ត្រូវបានចាត់ទុកជាសមិទ្ធផលប្រកបដោយផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្ដាលទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះផ្ដោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ដែលមានលទ្ធភាពក្នុងការទូទាត់ជារូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ស្របតាមទិសដៅនៃការធ្វើសមាហរណកម្មអាស៊ាន។ តាមរយៈការវិវត្តនៃនវានុវត្តន៍ឌីជីថល ធនាគារកណ្ដាលទាំងពីរមានបំណងដោះស្រាយបញ្ហាប្រឈមក្នុងការទូទាត់បែបប្រពៃណី និងជំរុញលំហូរហិរញ្ញវត្ថុទៅវិញទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ។

គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ការទូទាត់ឆ្លងដែននេះ បានផ្ដល់នូវកាលានុវត្តភាពសម្រាប់ការពង្រីកសកម្មភាពពាណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែន ដូចជាប្រតិបត្តិការផ្ទេរប្រាក់ផងដែរ។ ការណ៍នេះ បានរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត


