ជប៉ុន ដំឡើងអត្រាការប្រាក់ខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ៣០ឆ្នាំ
តូក្យូ ៖ ធនាគារកណ្តាលជប៉ុន បានដំឡើងអត្រាការប្រាក់គោលរហូតដល់ ០,៧៥% ដែលជាកម្រិតដ៏ខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ១៩៩៥ ពោលគឺក្នុងរយៈពេល ៣០ឆ្នាំ ។
ការដំឡើងអត្រាការប្រាក់ខ្ពស់បំផុតមិនធ្លាប់មាននេះ កើតឡើងជាលើកដំបូងក្រោមរដ្ឋបាលរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ដែលបានតស៊ូមតិគាំទ្រគោលនយោបាយសារពើពន្ធយ៉ាងសកម្ម និងការបន្ធូរបន្ថយវិបត្តិរូបិយវត្ថុ ។
ធនាគារកណ្តាលជប៉ុន (BOJ) នៅថ្ងៃសុក្រ បានដំឡើងអត្រាការប្រាក់ចំនួន ២៥ពិន្ទុ ឬ ០,២៥% ដែលធ្វើឲ្យអត្រាការប្រាក់គោលកើនឡើងដល់ ០,៧៥% ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ។
លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន និយាយថា បើទោះបីជាការដំឡើងអត្រាការប្រាក់បន្ថែមទៀតក៏ដោយ ប៉ុន្តែវានៅតែមានកម្រិតទាបជាងអត្រាការប្រាក់របស់បណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត ។
ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា ការកើនឡើងនៃអត្រាការប្រាក់នេះ នឹងដាក់សម្ពាធបន្ថែមទៀតលើសេដ្ឋកិច្ចជប៉ុន ។ តួលេខដែលបានកែសម្រួលបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ជប៉ុន បានធ្លាក់ចុះ ២,៣% នៅក្នុងត្រីមាសទីបី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
បើតាមសេចក្តីប្រកាសរបស់ធនាគារកណ្តាលជប៉ុន ទោះបីជាមានសញ្ញានៃភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ចក៏ដោយ ប្រាក់ចំណេញសាជីវកម្មត្រូវបានព្យាករថា នឹងនៅតែខ្ពស់ ហើយក្រុមហ៊ុនក្នុងស្រុកត្រូវបានគេរំពឹងថា នឹងបន្តដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៦ ៕
ប្រភព ៖ CNBC News ប្រែសម្រួល ៖ ឈឹម ទីណា

