ស្ងាត់ៗ ជប៉ុន ចំណាយ ៧៩ លានដុល្លារ ទិញមីស៊ីលបំពាក់យន្តហោះចម្បាំង F-35
តូក្យូ ៖ ប្រទេសជប៉ុន ថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទី៥មានតម្លៃ ៧៩លានដុល្លារជាមួយក្រុមហ៊ុន Kongsberg Defence & Aerospace ហៅកាត់ (Kongsberg) របស់ន័រវេស ដើម្បីទិញមីស៊ីល Joint Strike Missile ហៅកាត់ (JSM) សម្រាប់បំពាក់ដល់កងយន្តហោះចម្បាំងបំបាំងកាយ F-35A ដែលជប៉ុនទិញពីអាមេរិក ។
JSM គឺជាមីស៊ីលបញ្ជាទិសបំបាំងកាយពហុមុខងារជំនាន់ទី៥ បាញ់ចេញពីអាកាសទៅដីគោក និងសមុទ្រក្នុងរយៈចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់បំពាក់ជាមួយយន្តហោះចម្បាំង F-35A Lightning II ផលិតដោយសហរដ្ឋអាមេរិក ។
អនុប្រធានប្រតិបត្តិផ្នែកមីស៊ីល និងអវកាសរបស់ Kongsberg លោក oyvind Kolset និយាយថា ក្រុមហ៊ុនលោកមានមោទនភាព ដែលបានទទួលការបញ្ជាទិញមួយផ្សេងទៀតពីក្រសួងការពារជាតិជប៉ុន ដើម្បីផ្គត់ផ្គង់មីស៊ីល JSM ដល់កងកម្លាំងការពារដែនអាកាសជប៉ុន ។
សូមជម្រាបថា ជប៉ុន គឺជាអតិថិជនអន្តរជាតិដំបូងគេបង្អស់ ដែលបញ្ជាទិញមីស៊ីល JSM ដើម្បីបំពាក់អាវុធដ៏មានអនុភាពនេះ ជាផ្នែកមួយនៃកម្មវិធីពង្រឹងសមត្ថភាពកងយន្តហោះចម្បាំង F-35 របស់ខ្លួន ។
លើសពីនេះ ជប៉ុន ក៏ជាប្រតិបត្តិករយន្តហោះចម្បាំង F-35A ដ៏ធំបំផុតមួយនៅខាងក្រៅសហរដ្ឋអាមេរិក ហើយបានពង្រីកសារពើភ័ណ្ឌអាវុធរបស់ខ្លួនជាលំដាប់ ដើម្បីគាំទ្រដល់បេសកកម្មទប់ស្កាត់ និងការពារអធិបតេយ្យភាពពីការឈ្លានពានរបស់សត្រូវ ៕
ប្រភព ៖ defence-blog ប្រែសម្រួល ៖ ឈឹម ទីណា