លោក អាន់វ៉ា ជជែកតាមទូរស័ព្ទ ជាមួយមេដឹកនាំកម្ពុជា-ថៃ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃស្អែក
គូឡា ឡាំពួ៖ លោក អាន់វ៉ា ប្រធានអាស៊ានបានជួបតាមទូរស័ព្ទជាថ្មី ជាមួយមេដឹកនាំកម្ពុជា និងថៃ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃស្អែក។
នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ នេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ាន និង ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានរៀបរាប់ នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការ ថា «ខ្ញុំមានឱកាសបានភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណុចដែលល្អបំផុត ជាដំណើរឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ដែលកើតឡើងរវាងប្រទេសទាំងពីរ»។
លោកបន្តថា «ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃ ក្នុងការប្រកាន់ខ្ជាប់នូវស្មារតីនៃការសន្ទនា ប្រកបដោយប្រាជ្ញា និងការគោរពគ្នា ទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែក គឺជាវេទិកាដ៏សមស្រប និងស្ថាបនាមួយ ដើម្បីឱ្យប្រទេសទាំងពីរអាចចរចារ ដោយបើកចំហរ ដោះស្រាយការខ្វែងគំនិតគ្នា ដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយ ដោយយុត្តិធម៌ និងយូរអង្វែង»។
ក្នុងការផ្ទុះជម្លោះជាថ្មី ថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបានរក្សាភាពអត់ធ្មត់រយៈពេល២៤ម៉ោង មុននឹងបង្ខំចិត្តបាញ់តបតជាមួយទាហានឈ្លានពានថៃ ដើម្បីការពារខ្លួន និងការពារបូរាណភាពទឹកដីកម្ពុជា។ កម្ពុជាបាញ់សំដៅតែលើគោលដៅយោធាថៃប៉ុណ្ណោះ ផ្ទុយពីយោធាថៃ ដែលបើកការវាយប្រហារមិនរើសគោលដៅ ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក៕
ដោយ៖ សារ៉ាត

