ប្រជាពលរដ្ឋភៀសសឹកជិត២០០គ្រួសារ នៅវត្តបឹងអំពិល ទទួលអំណោយពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
បាត់ដំបង៖ជាមួយក្តីអាណិតអាសូរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងខេត្តបាត់ដំបង បានអញ្ជើញសាកសួរសុខទុក្ខរួមជាមួយផ្ដល់អំណោយដល់ប្រជាពលរដ្ឋភៀសសឹកជិត២០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តបឹងអំពិល ស្រុករតនមណ្ឌល ។
ជូនកញ្ចប់អំណោយបណ្ដើរ និងថ្លែងបណ្ដើរជាមួយពលរដ្ឋភៀសសឹកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ,សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងក្នុងគ្រាលំបាក តាមរយៈថ្នាក់ដឹកនាំ និងក្រុមការងារ ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវតស៊ូអត់ធ្មត់ក្នុងគ្រាដ៏លំបាកនេះ និងត្រូវរួបរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក
រដ្ឋមន្រ្តី។ចំណែកការស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាអនាម័យបរិស្ថាន និង ខិតខំថែរក្សាសុខភាពឱ្យបានល្អ។
អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកនាពេលនោះ រួមមាន៖អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូកក់សក់ សាប៊ូដុសខ្លួន សាច់ជ្រូកផាត់ សាច់ក្រក សៀងផ្អែម ទឹកសុទ្ធ និងថវិកាមួយចំនួន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.








