ថៃទទួលស្គាល់កម្ពុជាបានបាញ់ទម្លាក់ដ្រូនស៊ើបការណ៍តម្លៃជិត ២០ លានដុល្លាររបស់ខ្លួន

បាងកក ៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Nattapon Nakpanich កាលពីថ្ងៃសុក្របានទទួលស្គាល់ថា កម្ពុជាមានអាវុធប្រឆាំងយន្តហោះគ្មានមនុស្សបើក ហើយបានប្រើវាបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍ខ្នាតធំរបស់យោធាថៃ គឺម៉ូដែល DP-20 ឬ D-eyes 04 ដែលមានតម្លៃជិត ២០ លានដុល្លារក្នុងមួយគ្រឿង កាលពីថ្ងៃទី១៨ ខែធ្នូ ។

បើតាមសម្តីរបស់ប្រមុខការពារជាតិថៃរូបនេះ ទោះបីមានការប្រុងប្រយ័ត្នកន្លងមកក៏ដោយ ក្នុងសង្គ្រាមតែងតែមានការបាត់បង់ ហើយថា បើសិនយុទ្ធភ័ណ្ឌមាន តែមិនហ៊ានប្រើប្រាស់ នោះមិនត្រឹមត្រូវទេ… ដូច្នេះកងទ័ពត្រូវប្រើអាវុធដែលមានសម្រាប់បំពេញភារកិច្ច ប៉ុន្តែត្រូវជៀសវាងការខូចខាត ។

ប្រភពបានទម្លាយឱ្យដឹងថា ដ្រូនស៊ើបការណ៍យោធានេះ មិនខ្លាំងក្នុងសមរភូមិសម័យទំនើបនោះទេ ដោយសារតែវាមានចំណុចខ្សោយមួយចំនួន ដែលក្នុងនោះចំណុចខ្សោយបំផុត គឺវាគ្មានបំពាក់បច្ចេកវិទ្យាបំបាំងកាយទេ ។ ចំណុចខ្សោយមួយទៀត គឺវាមានទំហំធំ ល្បឿនយឺត និងពិបាកបត់បែនពេលហោះហើរបំពេញប្រតិបត្តិការ ។

ចំណុចខ្សោយសំខាន់មួយទៀត គឺវាពឹងផ្អែកលើប្រព័ន្ធទំនាក់ទំនងតាមផ្កាយរណបតែមួយមុខគត់ ដូច្នេះការបំពាក់ប្រព័ន្ធបែបនេះ ងាយទទួលរងនូវការកាត់ផ្ដាច់ GPS ឬបិទសញ្ញាបញ្ជាពីចម្ងាយ ដែលធ្វើឲ្យវារង់ចាំតែធ្លាក់តាមដំណើរប៉ុណ្ណោះ ។

សព្វថ្ងៃ យន្តហោះដ្រូនស៊ើបការណ៍ខ្នាតធំរបស់ថៃ DP-20 មានចំនួន ៣គ្រឿងប៉ុណ្ណោះ ដូច្នេះធ្លាក់ឆេះមួយគ្រឿងនៅសល់តែពីរគ្រឿងប៉ុណ្ណោះក្នុងឃ្លាំង ដោយយោធាថៃបានចំណាយលុយជាង ៥៧លានដុល្លារទិញពីអ៊ីស្រាអែលកាលពីឆ្នាំ ២០១៨ ៕

ប្រភព ៖ Thai Enquirer, The Nation, Defense Industry និងAsia-Pacific Defense Journal

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner