អាមេរិកផ្គើនវេណេស៊ុយអេឡា បន្តរឹបអូសនាវាដឹកប្រេងទីពីរ

វ៉ាស៊ីនតោន ៖ កងកម្លាំងអាមេរិក នៅថ្ងៃសៅរ៍ បានរឹបអូសនាវាដឹកប្រេងមួយគ្រឿងទៀត ដែលទើបតែចាកចេញពីឆ្នេរសមុទ្រប្រទេសវេណេស៊ុយអេឡា ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem ។

នេះជាលើកទីពីរហើយក្នុងខែធ្នូនេះ ដែលសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេង នៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសវេណេស៊ុយអេឡា ។ លើកដំបូងធ្វើឡើងកាលពីថ្ងៃទី១០ ខែធ្នូ ។

លោកស្រី Noem បានបង្ហោះសារលើបណ្ដាញសង្គម X ថា មុនថ្ងៃរះ កងឆ្មាំឆ្នេរសមុទ្រអាមេរិក ដោយមានការគាំទ្រពីក្រសួងសង្គ្រាម បានរឹបអូសនាវាដឹកប្រេងមួយគ្រឿង ដែលចូលចតចុងក្រោយនៅក្នុងប្រទេសវេណេស៊ុយអេឡា ។

សកម្មភាពនេះកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា រូបលោកកំពុងបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងជាប់ទណ្ឌកម្ម មិនឱ្យចូល និងចាកចេញពីប្រទេសវេណេស៊ុយអេឡា ។

ជុំវិញបញ្ហានេះ វេណេស៊ុយអេឡាបានខឹងសម្បាយ៉ាងខ្លាំង ចំពោះការរឹបអូសនាវាដឹកប្រេងចុងក្រោយបំផុតរបស់អាមេរិក ដោយហៅថា ជា “ការលួច និងចាប់ជំរិត” ។ ហើយថ្មីៗនេះ វេណេស៊ុយអេឡាក៏ធ្លាប់បានចោទប្រកាន់អាមេរិកដែរថា បានព្យាយាមលួចធនធានរបស់ខ្លួន ។

ភាពតានតឹងខ្លាំងរវាងអាមេរិក និងវេណេស៊ុយអេឡា កើតឡើងក្រោយទីក្រុងវ៉ាស៊ីនតោនបានបង្កើនវត្តមានយោធានៅសមុទ្រការ៉ាប៊ីន និងបានបើកការវាយប្រហារដ៏សាហាវលើនាវានានា ដោយចោទប្រកាន់ថា លួចរត់ពន្ធគ្រឿងញៀនរបស់វេណេស៊ុយអេឡាចូលទឹកដីសហរដ្ឋអាមេរិក និងបានសម្លាប់មនុស្សប្រហែល ១០០នាក់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner