ស្ត្រីទី១ កម្ពុជា អញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរកងទ័ពពលី

ខេត្តកណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវសៀមឈ្លានពាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ។

ជាការសោកស្តាយបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ធនធានមនុស្ស ស្វាមី ឪពុក និងជាបង ជាប្អូន ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធជាមួយសត្រូវសៀមឈ្លានពាន។

ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ។ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។

ទោះនៅក្នុងកាលៈទេសៈណា គ្រប់ពេលវេលា គ្រប់ទីកន្លែង រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបារម្ភ គិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់យោធិន រួមទាំងក្រុមគ្រួសារយោធិនគ្រប់ៗរូប ៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner