សិង្ហបុរីបារម្ភយ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃ
សិង្ហបុរី ៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានអះអាងថា ប្រទេសរបស់ខ្លួនបារម្ភយ៉ាងខ្លាំង អំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាការលើកឡើង មុនពេលដែលប្រមុខកាទូតសិង្ហបុរី រូបនេះ ទៅចូលរួមកិច្ចប្រជុំពិសេស របស់អាស៊ាន នៅម៉ាឡេស៊ី។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃចន្ទនេះ, រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេស នៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន នៅថ្ងៃចន្ទ ទី២២ ខែធ្នូ នេះ នៅទីក្រុង Kuala Lumpur ដើម្បីពិភាក្សាអំពីជម្លោះព្រំដែន រវាងកម្ពុជា និងថៃ។
ក្រសួងការបរទេសសិង្ហបុរី ចាត់ទុកកិច្ចប្រជុំដែលដឹកនាំដោយប្រធានអាស៊ាន ម៉ាឡេស៊ី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ប្លុកនេះ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។
ក្រសួងបញ្ជាក់ថា «ប្រទេសសិង្ហបុរី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ…យើងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រធានអាស៊ាន, ដៃគូខាងក្រៅ ក៏ដូចជា យន្តការទ្វេភាគីណាមួយ ដែលទាំងកម្ពុជា និងថៃ បានឯកភាពគ្នា ដើម្បីកាត់បន្ថយជម្លោះ ក្នុងស្មារតីនៃសាមគ្គីភាពអាស៊ាន និង អ្នកជិតខាងដ៏ល្អ»។
បើតាម CNA, នៅថ្ងៃចន្ទទី២២ ខែធ្នូនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan គ្រោងដឹកនាំកិច្ចប្រជុំពិសេស ហើយ នេះគឺជាការអនុវត្តតាមកិច្ចព្រមព្រៀង ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង សមភាគី ថៃ និង កម្ពុជា នៅថ្ងៃទី ១១ ខែធ្នូ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត