កូរ៉េខាងជើងឲ្យទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរជប៉ុន
ព្យុងយ៉ាង ៖ កូរ៉េខាងជើងប្រាប់ឲ្យទប់ស្កាត់មហិច្ឆតាអាវុធនុយក្លេអ៊ែរ របស់ជប៉ុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។
សារព័ត៌មាន KCNA បានរាយការណ៍ថា មហិច្ឆតារបស់ជប៉ុន ក្នុងការកាន់កាប់អាវុធនុយក្លេអ៊ែរ គួរតែត្រូវបាន “ទប់ស្កាត់ឱ្យបានហ្មត់ចត់” ។ KCNA បាននិយាយថា ប្រទេសជប៉ុន កំពុងបង្ហាញពីចេតនា ក្នុងការកាន់កាប់អាវុធនុយក្លេអ៊ែរ យ៉ាងច្បាស់លាស់ ដោយនិយាយថា ជប៉ុនត្រូវការ ការពិនិត្យឡើងវិញ នូវគោលការណ៍ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
មន្ត្រីគោលនយោបាយការបរទេសកូរ៉េខាងជើង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ស្រង់សម្តី និយាយថា ប្រទេសជប៉ុន បានចាប់ផ្តើមធ្វើអត្ថាធិប្បាយ អំពីរឿងនេះ យ៉ាងសកម្ម ភ្លាមៗ នៅពេលដែលសហរដ្ឋអាមេរិក បានអនុម័តសំណើពីសំណាក់កូរ៉េខាងត្បូង សម្រាប់ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ។
កាលពីខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានផ្តល់ការយល់ព្រម ដល់កូរ៉េខាងត្បូង ក្នុងការសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ បន្ទាប់ពីលោកបានបំពេញទស្សនកិច្ច ទៅកាន់សម្ព័ន្ធមិត្តអាស៊ី មួយនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត