ម៉ាឡេស៊ី ៖ អាស៊ានត្រូវធ្វើអ្វីដែលចាំបាច់ ដើម្បីរក្សាសន្តិភាពក្នុងតំបន់
គូឡាឡាំពួ ៖ «អាស៊ានត្រូវតែធ្វើអ្វីៗ ដែលចាំបាច់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់» នេះគឺជាការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២២ ខែធ្នូ នេះ។
យោងតាមការការចេញផ្សាយ របស់សារព័ត៌មាន Bernama,
អំឡុងការថ្លែងបើកកិច្ចប្រជុំពិសេស ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជានិងថៃ នាព្រឹកថ្ងៃចន្ទនេះ, លោក Datuk Seri Mohamad Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បាននិយាយថា ៖ «ក្នុងឋានៈជាប្រធានអាស៊ាន ម៉ាឡេស៊ីជឿជាក់ថា ការដាក់ជាក្រុមក្នុងតំបន់ ត្រូវតែពង្រឹងការកសាងទំនុកចិត្ត ក្នុងចំណោមភាគីនានា ហើយធានាថា ការសន្ទនា នៅតែបន្ត ទោះបីជាមានគំនិតខុសគ្នាក៏ដោយ ហើយ ស្ថិរភាពក្នុងតំបន់ នៅតែជាទំនួលខុសត្រូវរួម»។
លោកបានមានប្រសាសន៍ទៀតថា «អាស៊ានត្រូវតែធ្វើអ្វីៗ ដែលចាំបាច់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់.. គោលដៅរបស់យើង គឺ ឲ្យលើសពីការបន្ថយភាពតានតឹង ទៅទៀត»។
លោករដ្ឋមន្ត្រី ក្នុងនាមជាប្រទេសប្រធានអាស៊ាន បានបញ្ជាក់ថា «យើងត្រូវពង្រឹងការកសាងទំនុកចិត្ត ក្នុងចំណោមភាគីជម្លោះ និងផ្តល់ការយល់ដឹង សម្រាប់ការសន្ទនា»៕

ប្រភពពី Bernama ប្រែសម្រួល៖ សារ៉ាត