សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រគល់អំណោយមួយចំនួនធំដល់សាខាកាកបាទក្រហមខេត្តគោលដៅចំនួន៥

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។

ខេត្តគោលដៅទាំង៥រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលខេត្តនីមួយៗទទួលបាន អង្ករ ២០តោន, ទឹកសុទ្ធ ២០០កេស និងភេសជ្ជៈផ្អែម ២០០កេស។

កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភស្បៀង សម្ភារ និងថវិកា ដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner