ចិនចោទអាមេរិករំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ
ប៉េកាំង ៖ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានចេញមុខចោទប្រកាន់ការរឹបអូសនាវាដឹកប្រេងបរទេស តាមតែអំពើចិត្តខ្លួនឯងរបស់អាមេរិក ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ប្រទេសចិនតែងតែប្រឆាំងដាច់ខាត ចំពោះការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលគ្មានមូលដ្ឋានច្បាប់អន្តរជាតិ និងគ្មានការទទួលស្គាល់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
លោកថា សកម្មភាពនេះក៏បង្ហាញពីការរំលោភបំពានលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ រំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសដទៃទៀត ឬបង្កើតជាទង្វើគំរាមកំហែងឯកតោភាគី ។
បើតាមអ្នកនាំពាក្យរូបនេះ, វេណេស៊ុយអេឡាមានសិទ្ធិអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយឯករាជ្យជាមួយប្រទេសដទៃទៀត ហើយចិនជឿជាក់ថា សហគមន៍អន្តរជាតិយល់ និងគាំទ្រជំហររបស់ទីក្រុងការ៉ាកាស់ ទៅលើការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសពួកគេ ។
ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់ចិន កើតឡើងបន្ទាប់ពីអង្គភាពឆ្មាំសមុទ្រអាមេរិកកំពុងតាមប្រមាញ់នាវាជាប់ទណ្ឌកម្មយ៉ាងសកម្ម ដែលជាផ្នែកមួយនៃការគេចវេះពីទណ្ឌកម្មរបស់វេណេស៊ុយអេឡា ។
គិតមកទល់ពេលនេះ អង្គភាពឆ្មាំសមុទ្រអាមេរិកកំពុងតាមចាប់នាវាដឹកប្រេងមួយគ្រឿងទៀត ឈ្មោះថា Bella 1 ។ បើសិនត្រូវចាប់បាន នោះនាវានេះនឹងក្លាយជានាវាទី៣ ដែលមានទំនាក់ទំនងជាមួយវេណេស៊ុយអេឡា ហើយត្រូវបានអាមេរិកស្ទាក់ចាប់ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍មកនេះ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
