អ៊ីរ៉ង់បញ្ចេញសាច់ដុំយោធា ពេលដឹងអ៊ីស្រាអែលចង់វាយខ្លួនម្តងទៀត

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំមួយ តាមរយៈការបាញ់សាកល្បងមីស៊ីលនៅតាមទីក្រុងមួយចំនួន ក្នុងនោះរួមមានទាំងរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃចន្ទ ដែលនេះជាសមយុទ្ធលើកទីពីរហើយ ក្នុងរយៈពេលមួយខែ ។

សមយុទ្ធមីស៊ីលរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន CNBC NEWS រាយការណ៍ថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងរាយការណ៍ទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump អំពីលទ្ធភាពវាយប្រហារម្តងទៀតលើអ៊ីរ៉ង់ ក្រោមហេតុលផល ការពង្រីកកម្មវិធីមីស៊ីលបាលីលី្ទករបស់ទីក្រុងតេហេរ៉ង់ អាចបង្កការគំរាមកំហែង ដែលតម្រូវឲ្យមានចំណាត់ការភ្លាមៗ ។

ក្រៅពីអ៊ីស្រាអែល មហាអំណាចលោកខាងលិចក៏ចាត់ទុកឃ្លាំងអាវុធមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ថា ជាការគំរាមកំហែងផ្នែកយោធា ចំពោះស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងជាយន្តការនាំផ្លូវអ៊ីរ៉ង់ឆ្ពោះទៅរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ។ ប៉ុន្តែអ៊ីរ៉ង់បានច្រានចោល ហើយថា ខ្លួនគ្មានបំណងផលិតអាវុធប្រល័យលោកទេ ។

បើតាមសារព័ត៌មាន CNA, កាលពីដើមខែធ្នូនេះ កងទ័ពជើងទឹកមកពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើសមយុទ្ធរយៈពេលពីរថ្ងៃ ក្នុងនោះមានការបាញ់សាកល្បងមីស៊ីលបាលីស្ទិក និងមីស៊ីលបញ្ជាទិស ទៅលើគោលដៅនៅឈូងសមុទ្រ ។ ល្បែងសង្គ្រាមនេះ អ៊ីរ៉ង់បង្កើតឡើងក្នុងគោលបំណងទប់ទល់នឹងការគំរាមកំហែងពីពួកបច្ចាមិត្តបរទេស ។

គួរកត់សម្គាល់ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩មក អ៊ីរ៉ង់បានប្រឹងប្រែងអភិវឌ្ឍឧស្សាហកម្មសព្វាវុធក្នុងស្រុករបស់ខ្លួនយ៉ាងគំហុគ ដោយសារតែអាមេរិកបិទឱ្យលក់គ្រឿងសព្វាវុធដល់អ៊ីរ៉ង់ ដូច្នេះហើយ ទើបការពឹងផ្អែកលើខ្លួនឯងបានក្លាយជាចំណុចសំខាន់នៃយុទ្ធសាស្ត្រយោធារបស់អ៊ីរ៉ង់ ៕

ប្រភព ៖ CNA និង middle-east-online ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner