វៀតណាម ដាក់គោលដៅទាក់ចិត្តទេសចរបរទេស ២៥ លាននាក់នៅឆ្នាំក្រោយ
ហាណូយ៖ វៀតណាមបានកំណត់គោលដៅទាក់ចិត្តអ្នកទេសចរបរទេសចំនួន ២៥ លាននាក់នៅក្នុងឆ្នាំ ២០២៦ បន្ទាប់ពីទទួលបានភ្ញៀវអន្តរជាតិបំបែកកំណត់ត្រាថ្មីនៅឆ្នាំ ២០២៥ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃព្រហស្បតិ៍ ។
រដ្ឋបាលជាតិទេសចរណ៍វៀតណាមបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំនេះ ប្រទេសវៀតណាមប៉ាន់ប្រមាណថា នឹងទទួលបានភ្ញៀវទេសចរបរទេស ចំនួន ២១ លាន ៥ សែននាក់ កើនឡើង ២២% បើធៀបនឹងឆ្នាំមុន ។
ដើម្បីទាក់ចិត្តអ្នកទេសចរបរទេសកាន់តែច្រើន, កាលពីខែមីនា រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្ត បន្តការលើកលែងទិដ្ឋាការ រហូតដល់ឆ្នាំ ២០២៨ សម្រាប់ពលរដ្ឋ មកពី ១២ ប្រទេស រួមមាន ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ន័រវែស រុស្ស៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស ។
កាលពីខែសីហា វៀតណាមបានលើកលែងតម្រូវការទិដ្ឋាការសម្រាប់ការស្នាក់នៅរហូតដល់ ៤៥ ថ្ងៃ សម្រាប់ពលរដ្ឋ មកប្រទេសចំនួន ១២ ផ្សេងទៀត ។ ការណ៍នេះបានពង្រីកបញ្ជីលើកលែងទិដ្ឋាការ ជាឯកតោភាគី ដល់ ២៤ ប្រទេស ហើយចំនួនសរុប រួមទាំងការលើកលែងទ្វេភាគី បានកើនដល់ ៣៩ប្រទេស ។
ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម បានបង្កើនច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន ៤១ បន្ថែមទៀត ដែលជនបរទេសអាចប្រើប្រាស់ទិដ្ឋាការអេឡិចត្រូនិក សម្រាប់ច្រកចេញចូល ដែលនាំឱ្យចំនួនសរុប នៃ ច្រកចេញចូល មានដល់ ៨៣ កន្លែង ។
ឆ្នាំមុន វៀតណាមបានទទួលភ្ញៀវអន្តរជាតិចំនួន ១៧ លាន ៦ សែននាក់ ខណៈកាលពីឆ្នាំ ២០១៩ ពោលមុនពេលចាប់ផ្តើមផ្ទុះជំងឺកូវីដ, វៀតណាមទទួលបានភ្ញៀវបរទេសចំនួន ១៨ លាននាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា ៕
ប្រភពពី VNexpress , ប្រែសម្រួល៖ សារ៉ាត