ចិន ព្រមានថា ការលក់អាវុធ អាមេរិក ឲ្យកោះតៃវ៉ាន់ កំពុងជំរុញល្បឿនសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់
ប៉េកាំង ៖ មហាយក្សចិនកាលពីថ្ងៃព្រហស្បតិ៍បានចេញការព្រមានថា កិច្ចព្រមព្រៀងទិញលក់សព្វាវុធចុងក្រោយបំផុតរវាងអាមេរិក និងកោះតៃវ៉ាន់ កំពុងបង្កើនល្បឿនឲ្យឆាប់ផ្ទុះសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់ ។
ការព្រមានរបស់ចិនកើតមានឡើង បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនប្រកាសលក់អាវុធទៅឲ្យកោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ ១១ ពាន់ ១០០ លានដុល្លារ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងតៃប៉ិ ។
បើតាមសារព័ត៌មាន CNA, កញ្ចប់លក់អាវុធទាំងនេះ រួមមាន ប្រព័ន្ធរ៉ុក្កែត HIMARS, កាំភ្លើងធំ Howitzers, មីស៊ីលប្រឆាំងរថក្រោះ, យន្តហោះដ្រូន និងគ្រឿងបន្លាស់ផ្សេងៗទៀតជាដើម ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang និយាយថា ភាគីអាមេរិកបានដើរផ្ទុយពីការប្តេជ្ញាចិត្តរបស់ខ្លួន តាមរយៈការបង្កើនការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ។ លោកថា ការលក់នេះធ្វើឲ្យកោះមួយនេះកាន់តែក្រអឺតក្រទម ជាពិសេសបង្កើនល្បឿនឲ្យឆាប់ផ្ទុះសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់ ។
បើតាមអ្នកនាំពាក្យដដែល, អាមេរិកគួរតែបញ្ឈប់រាល់សកម្មភាពបង្កហេតុទាំងអស់ និងកែតម្រូវទង្វើខុសរបស់ខ្លួនជាបន្ទាន់ ក៏ដូចជាបញ្ឈប់ការបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យរបស់កោះតៃវ៉ាន់ ដែលធ្វើឲ្យខូចដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រមួយនេះ ។
ជាមួយគ្នានេះ លោក Zhang Xiaogang ក៏បានជំរុញអាមេរិកព្យាយាមស្វែងយល់ឲ្យបានពេញលេញ អំពីភាពរសើបខ្ពស់នៃបញ្ហាកោះតៃវ៉ាន់ ជាពិសេសគួរតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ ចិន និងអាមេរិក ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
