ឥណ្ឌា ជោគជ័យបាញ់សាកល្បងមីស៊ីលហោះចម្ងាយ ៣,៥០០ គីឡូម៉ែត្រ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ
ញូវដែលី ៖ ប្រទេសឥណ្ឌាបានប្រកាសជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ INS Arighaat នៅឯឈូងសមុទ្រ Bengal កាលពីថ្ងៃ២៣ ខែធ្នូ ។
បើតាមសារព័ត៌មាន Wionews, មីស៊ីលផ្លោងរយៈចម្ងាយនេះមានឈ្មោះ K-4 អាចហោះហើរដល់ចម្ងាយ ៣,៥០០ គីឡូម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរក្នុងទម្ងន់ ២ តោនកន្លះផងដែរ ។
K-4 គឺជាខ្សែស្រឡាយស៊េរីមីស៊ីល K ដែលបង្កើតឡើងដើម្បីឧទ្ទិសដល់កំពូលអ្នកវិទ្យាសាស្រ្តឥណ្ឌា Abdul Kalam ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកម្មវិធីអភិវឌ្ឍន៍មីស៊ីលនាំផ្លូវរបស់ប្រទេសឥណ្ឌា ។
ការបាញ់សាកល្បងនេះកើតមានឡើង បន្ទាប់ពីមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹកមួយនេះ ត្រូវបានប្រគល់ឲ្យកងទ័ពជើងទឹកឥណ្ឌាតាំងតែពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៤ មកម្ល៉េះ ។
បើតាមទូរទស្សន៍ NDTV, ការបាញ់សាកល្បងដ៏ជោគជ័យនេះ នឹងក្លាយជាការជួយជំរុញយ៉ាងខ្លាំងដល់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរ ដែលមានមូលដ្ឋានលើសមុទ្ររបស់កងកម្លាំងឥណ្ឌា ៕
ប្រភព ៖ wionews និង NDTV ប្រែសម្រួល ៖ ឈឹម ទីណា