ប្រធានអាស៊ានប្តូរវេនសាទរបទឈប់បាញ់កម្ពុជា-ថៃ
ភ្នំពេញ៖ភ្លាមៗ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជា ថៃ បានចុះហត្ថលេខាលើបទឈប់បាញ់ជាបន្ទាន់ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានប្តូរវេនដែលហៀបនឹងបញ្ចប់អាណត្តិបានបង្ហោះសារអបអរចំពោះដំណោះស្រាយនេះ។
លើបណ្ដាញសង្គម ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសរសេរថា «ខ្ញុំសូមស្វាគមន៍បទឈប់បាញ់ដែលព្រមព្រៀងដោយកម្ពុជា និងថៃ ដែលចូលជាធរមាននៅម៉ោង ១២៖០០ថ្ងៃត្រង់ (UTC+7) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការសម្រេចចិត្តបញ្ឈប់ ការប្រយុទ្ធគ្នានិងរក្សាកម្លាំងនៅនឹងកន្លែងឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់រួម ដែលតម្រូវឱ្យមានការអត់ធ្មត់ជាសំខាន់ លើផលប្រយោជន៍របស់ជនស៊ីវិល។
ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម ដែលជាអ្នកសម្របសម្រួល និងប្រឹងប្រែងខ្នះខ្នែងបញ្ចប់ជម្លោះកម្ពុជា ថៃ ចាប់តាំងពីការចាប់ផ្តើមដំបូងនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញនូវការយល់ឃើញរបស់លោកថា “សេចក្តីថ្លែងការណ៍រួមបានកំណត់នូវវិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងការទំនាក់ទំនងដោយផ្ទាល់រវាងថ្នាក់ដឹកនាំការពារជាតិ។ ទាំងនេះផ្តល់ជាមូលដ្ឋានសម្រាប់ស្ថិរភាពហើយខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តដោយស្មោះត្រង់”។
ប្រធានអាស៊ានប្តូរវេនរូបនេះបន្ថែមថា នៅពេលដែលម៉ាឡេស៊ីប្រគល់ប្រធានអាស៊ានទៅហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ យើងនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាកិច្ចការទាំងនេះត្រូវបានផ្តល់កិត្តិយសហើយកិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពដែលត្រូវបានរក្សា។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា ថៃ បានឈានដល់ការរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជាទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ។នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិង នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិបានឈានដល់ការចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែលមាន៣ចំណុចធំ និង១៦ចំណុចតូច។
ក្នុងនេះភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ស្របតាមស្មារតីនៃសេចក្ដីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥យោធិនកម្ពុជាចំនួន ១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង។
ជាមួយគ្នានេះភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន៕
ដោយ៖មុនី

