កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នឹងចាប់ផ្តើមនាថ្ងៃអាទិត្យ នៅប្រទេស ចិន

ភ្នំពេញ៖កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពី ការវិវត្តថ្មីៗនៃស្ថានភាព​រវាង​កម្ពុជានិងថៃ នឹង​ប្រព្រឹត្ត​ទៅរយៈពេល ពីរថ្ងៃចាប់ពីថ្ងៃ​អាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ។កិច្ចប្រជុំ​នេះតបតាមការអញ្ជើញ របស់ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជា​មានិតចិន ខណៈតែប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការពារ ជាតិ នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែលបញ្ជាក់ពីការឈប់បាញ់ចាប់ពីម៉ោង១២ ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ដោយមិនបង្អង់យូរនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួម កិច្ចប្រជុំត្រី​ភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីស្ថានភាព វិវត្តបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ។ដំណើរទៅ កាន់ ប្រទេសចិនត្រូវបានប្រកាសឱ្យដឹងក្នុងសេចក្តីប្រកាសក្រសួងការបរទេស ដោយបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋប្រជាមានិតចិន។

ជាខេត្តសម្បូរស្តុកស្ដម្ភ យូណានត្រូវបានកត់ត្រាទៅក្នុងប្រវត្តិសាស្រ្ត នៃការជួបគ្នារវាងរដ្ឋមន្រ្តីក្រសួងការបរទេស​នៃប្រទេសទាំងពីរ កម្ពុជា ថៃ បន្ទាប់ពីប្រយុទ្ធគ្នាមិនស្រាកស្រាន្តរយៈពេល២០ថ្ងៃ ។ប្រទេស ចិនបានដើរតួជាអ្នកសម្របសម្រួល។ចិនបានបញ្ជាក់ថា ​កិច្ចប្រជុំត្រី ភាគី​នេះមានគោលបំណងសម្របសម្រួលការ​ផ្លាស់ប្ដូរ​យោបល់​ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាព បច្ចុប្បន្ន រវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នា​ទៅវិញ ទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញ នូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាម​តំបន់ព្រំដែនកម្ពុជា-ថៃ។

ក្រសួង​ការបរទេសកម្ពុជាបានបង្ហាញនៅក្នុងសេចក្តីប្រកាស ព័ត៌មានរសៀលថ្ងៃទី២៧ ធ្នូ ដោយបញ្ជាក់ថា​កម្ពុជាវាយតម្លៃ ខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកា សម្រាប់កិច្ចសន្ទនានិងការគាំទ្រ​ចំពោះ​កិច្ចខិតខំប្រឹងប្រែងបង្កើន ការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាបន្តបញ្ជាក់​ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះ ស្រាយទំនាស់ និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន។

បើតាមក្រសួងការបរទេស នៅខេត្តយូណាន ឯកឧត្តម ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី
ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួមចំណែក​ដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកទាំងមូល។

ជាការកត់សម្គាល់កិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ត្រូវបានកោះ ប្រជុំតែប៉ុន្មានម៉ោងបន្ទាប់ពីកម្ពុជា និងថៃ​បានដើរដល់ចំណុច ព្រមព្រៀងឈប់បាញ់ និងការដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់ យោធា ថៃអស់រយៈពេល១៥១ថ្ងៃគិតត្រឹមថ្ងៃទី២៧ ខែធ្នូ។

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា ថៃ បានឈានដល់ ការរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មា​ធិការ​​ព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជាទល់នឹង​ខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការ សង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ។ភាគី កម្ពុជា​ដឹកនាំ​នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាសហប្រធានគណៈកម្មាធិការ​ព្រំដែន​ទូទៅ,ភាគី​ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ ថាក់ ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសហប្រធាន គណៈ កម្មាធិការព្រំដែនទូទៅ។កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC)បានឈានដល់ការចុះហត្ថលេខាលើ​សេចក្តីប្រកាសរួមដែលមាន៣ចំណុចធំ និង១៦ចំណុចតូច។

ក្នុងនេះភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយ ការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ពាក់ព័ន្ធនឹងការ ប្រើប្រាស់អាវុធ​គ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយ រាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅ​និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ស្របតាមស្មារតីនៃសេចក្ដីប្រកាស រួមទី ក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥យោធិនកម្ពុជា​ចំនួន ១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់ បាញ់ត្រូវបាន​​គោរព​យ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង។

ជាមួយគ្នានេះភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់​ទៅផ្ទះសម្បែង និងប្រកប​ជីវភាពរស់នៅ​ធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុតដោយគ្មាន ការរារាំងនិងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួន៕
ដោយ៖វណ្ណលុក,មុនី

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner