បណ្ណកម្មសិទ្ធិចំនួន ៥២៩ បណ្ណ ត្រូវបានផ្តល់ជូនអតិថិជនបុរី ៣ ក្រុមហ៊ុន
អតិថិជនបុរី KP ម៉ន ដានី, បុរី PR វីឡា និងបុរី VIP ចំនួន ៥២៩ គ្រួសារ បានទទួលបណ្ណកម្មសិទ្ធិស្របច្បាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

អតិថិជនរបស់បុរីទាំងបីបានសម្តែងការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំក្រសួង ដែលបានខិតខំសម្របសម្រួលដោះស្រាយវិវាទ រហូតឈានដល់ការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ហើយថែមទាំងជួយរៀបចំការទូទាត់បំណុលរវាងម្ចាស់បុរី និងម្ចាស់បំណុល ដើម្បីធានាសុវត្ថិភាពលំនៅឋានរបស់ពលរដ្ឋ និងសុភមង្គលគ្រួសារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា មុននឹងឈានដល់ការផ្តល់បណ្ណកម្មសិទ្ធិ ក្រសួងបានរៀបចំការវាស់វែងដីធ្លី និងផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញ ព្រមទាំងជួយសម្របសម្រួលបញ្ចប់វិវាទរវាងម្ចាស់បុរី និងម្ចាស់បំណុល និងជំរុញដំណើរការផ្តល់បណ្ណកម្មសិទ្ធិឱ្យបានជោគជ័យ។ ជាមួយគ្នានេះ ក្រសួងក៏បានជួយស្វែងរកថវិកា ដើម្បីបញ្ចប់ការសាងសង់លំនៅឋានក្នុងបុរីទាំងនេះជូនប្រជាពលរដ្ឋ ដោយសារម្ចាស់បុរីមិនមានលទ្ធភាពបន្តការសាងសង់ទៅមុខទៀតបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអតិថិជនបុរី KP ម៉ន ដានី, បុរី PR វីឡា និងបុរី VIP ដែលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ សូមបន្តអត់ធ្មត់ ដោយក្រសួងនឹងជំរុញដំណើរការផ្តល់បណ្ណកម្មសិទ្ធិឱ្យបានគ្រប់ៗគ្នា ក្នុងពេលឆាប់ៗខាងមុខ។ ទន្ទឹមនោះ ឯកឧត្តមក៏សង្ឃឹមថា វិវាទបុរីចំនួន ១៧០ គម្រោង ដែលក្រសួងបានទទួលពាក្យបណ្ដឹង នឹងត្រូវដោះស្រាយបញ្ចប់ជាស្ថាពរ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តឱ្យអតិថិជនបុរីទាំងបី រួមគ្នារស់នៅជាសហគមន៍ដែលមានលក្ខន្តិកៈត្រឹមត្រូវតាមបទប្បញ្ញត្តិបុរី ហើយយកចិត្តទុកដាក់លើការថែទាំផ្លូវ សួនច្បារ ភ្លើងបំភ្លឺ សន្តិសុខ និងអនាម័យ ដើម្បីបង្កើតបរិយាកាសរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល ភាពកក់ក្តៅ និងសុវត្ថិភាព។

កាយវិការដ៏ប្រពៃមួយទៀតនោះ គឺក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួយសម្របសម្រួលជាមួយធនាគារ ដើម្បីជួយអតិថិជនបុរីខាងលើ ដែលមានតម្រូវការខ្ចីប្រាក់ អាចទទួលបានអត្រាការប្រាក់ទាប និងកម្ចីជាប្រាក់រៀល៕
អត្ថបទ៖ ហេង វណ្ណា
រូបភាព៖ គ្រី សម្បត្តិ
