ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ពីសារសំខាន់នៃការរួមកម្លាំងសាមគ្គីជាតិខ្មែរដើម្បីការពារទឹកដី
កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ និងឯកភាពផ្ទៃក្នុងជាតិ គឺជាកត្តាសំខាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាខឿនសេដ្ឋកិច្ចជាតិ។ នេះគឺជាខ្លឹមសារនៃប្រសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងទៅកាន់មន្ត្រីរាជការស៊ីវិល និងយុវជនគណបក្ស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីសមិទ្ធផល និងទិសដៅការងារសុរិយោដី និងភូមិសាស្ត្រ ដែលធ្វើឡើងនៅទីស្តីការក្រសួងនារសៀលថ្ងៃទី២៦ ខែធ្នូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មន្ត្រីរាជការស៊ីវិល យុវជនគណបក្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ ឱ្យបានគង់វង្ស…..

ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីរាជការស៊ីវិលមានតួនាទីសំខាន់ ក្នុងការចូលរួមថែរក្សាស្ថិរភាពសង្គម ការពារអធិបតេយ្យភាព បូរណភាពទឹកដី រក្សាខឿនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្រៅពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គម តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ ការដោះស្រាយវិវាទដីធ្លីសេសសល់ រួមទាំងវិវាទពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់ការពារ ក៏ដូចជាការដោះស្រាយបញ្ហាបុរី និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ជាគន្លឹះសំខាន់ក្នុងការបង្កើតបរិយាកាសរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសង្គម។

ក្នុងដើមអាណត្តិទី៧នៃរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមអនុវត្តគោលនយោបាយពូនជ្រុំរដ្ឋបាលសាធារណៈទំនើប មានភាពវៃឆ្លាត ស្របតាមយុគសម័យ AI ដ៏ទំនើប និងបន្តអនុវត្តកិច្ចការផ្សេងៗទៀត ដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច និងរៀបចំទីក្រុង ទីប្រជុំជន និងប្រទេសជាតិឱ្យមានការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តពង្រឹងឯកភាពផ្ទៃក្នុង និងសាមគ្គីភាព ហើយអភិវឌ្ឍចំណេះដឹងថ្មីៗ ដើម្បីជំរុញឱ្យប្រទេសជាតិកាន់តែរីកចម្រើនប្រកបដោយឯករាជ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរតជំនាន់ទៅមុខទៀត។
អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ


