លោក Zelensky គ្រោងជួបលោក Trump ស្អែកនេះ

គៀវ ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយថា លោកគ្រោងនឹងជួបចរចា ជាមួយ លោក Trump មេដឹកនាំអាមេរិក នៅថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ស្អែកនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកនឹងជួបប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងរដ្ឋ Florida ។ ពួកគេត្រូវបានរំពឹងថា នឹងពិភាក្សា លើចំណុចសំខាន់ៗ នៃផែនការសន្តិភាព ដែលមានបំណងបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី រួមទាំង ការធានាសន្តិសុខ និង បញ្ហាទឹកដី ផងដែរ។

លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា ផែនការដែលទីក្រុង គៀវ កំពុងដំណើរការ ជាមួយទីក្រុងវ៉ាស៊ីនតោន គឺ រួចរាល់ ៩០ ភាគរយហើយ។

សហរដ្ឋអាមេរិកក៏កំពុងចរចា ជាមួយរុស្ស៊ីផងដែរ។ កាលពីថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ជំនួយការ ប្រធានាធិបតីរុស្ស៊ី បាននិយាយតាមទូរស័ព្ទ ជាមួយភាគីអាមេរិក ហើយយល់ព្រមបន្តការសន្ទនា។

តែ លោក Peskov បានបដិសេធ មិនបង្ហាញការវាយតម្លៃ របស់រុស្ស៊ី លើផែនការសន្តិភាពរបស់អ៊ុយក្រែនទេ ប៉ុន្តែបានលើកឡើងពីហានិភ័យ នៃ ផលប៉ះពាល់ជាអវិជ្ជមាន ដល់ការចរចា។

កាសែតរុស្ស៊ី Kommersant បានចេញផ្សាយ នៅដើមសប្តាហ៍នេះថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទាមទារតំបន់ Donbas ភាគខាងកើតទាំងមូល ប៉ុន្តែ អាចបើកចំហសម្រាប់សម្បទាន នៅក្នុងតំបន់ផ្សេងទៀត៕

ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner