អ៊ីស្រាអែលក្លាយជាប្រទេសដំបូងគេ ទទួលស្គាល់រដ្ឋ Somaliland

ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានក្លាយជាប្រទេសដំបូងគេបំផុត ដែលបានប្រកាសទទួលស្គាល់តំបន់ស្វយ័ត Somaliland ជារដ្ឋឯករាជ្យ និងអធិបតេយ្យ។

គួរបញ្ជាក់ថា តំបន់ Somaliland បានផ្តាច់ខ្លួនពីប្រទេសស៊ូម៉ាលី ចាប់តាំងពីឆ្នាំ១៩៩១ ជាពេលដែលប្រទេសនៅអាហ្វ្រិកមួយនេះ មានសង្រ្គាមស៊ីវិល។ ប៉ុន្តែ តំបន់នេះ មិនទទួលបានការគាំទ្រ ឬ ទទួលស្គាល់ពីបណ្ដាប្រទេសដទៃ នោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងស្វែងរកកិច្ចសហប្រតិបត្តិការភ្លាមៗ ជាមួយ Somaliland នៅក្នុងវិស័យកសិកម្ម សុខាភិបាល បច្ចេកវិទ្យា និងសេដ្ឋកិច្ច។ លោក Netanyahu បានអបអរសាទរប្រធានាធិបតី Somaliland លោក Abdirahman Mohamed Abdullahi ជាមួយការកោតសរសើរពីភាពជាមេដឹកនាំរបស់លោក និងអញ្ជើញ ឲ្យធ្វើទស្សនកិច្ចទៅកាន់អ៊ីស្រាអែល។

តាមលោក Netanyahu, ការប្រកាសទទួលស្គាល់ Somaliland ធ្វើឡើង នៅក្នុងស្មារតីនៃកិច្ចព្រមព្រៀង Abraham Accords ដែលជាគំនិតផ្ដួចផ្ដើមសន្តិភាពមួយ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ក៏ប៉ុន្តែ រដ្ឋាភិបាលសូម៉ាលីបានថ្កោលទោស ការសម្រេចចិត្តទទួលស្គាល់នេះ ហើយ ចាត់ទុកថា ជាជំហានខុសច្បាប់ និង ជាការវាយប្រហារដោយចេតនា លើអធិបតេយ្យរបស់ខ្លួន។ ប្រទេសមួយចំនួនទៀត រួមទាំង សហភាពអាហ្វ្រិក ក៏បានច្រានចោលផងដែរ ចំពោះការទទួលស្គាល់ Somaliland។ ពូកគេគូសបញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តឥតងាករេ ចំពោះសាមគ្គីភាព និងបូរណភាពទឹកដីរបស់សូម៉ាលី ហើយព្រមានថា ការសម្រេចចិត្តរបស់អ៊ីស្រាអែល អាចនឹងបង្កហានិភ័យបំផ្លាញដល់សន្តិភាព និងស្ថិរភាព នៅទូទាំងតំបន់អាហ្វ្រិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner