អង់គ្លេស ,អាល្លឺម៉ង់ ចិន សាទរបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យមានសន្តិភាពរយៈពេលវែង
ភ្នំពេញ៖រដ្ឋមន្រ្តីការបរទេសអង់គ្លេស ,អាល្លឺម៉ង់ និងចិន បានបន្លឺសំឡេងសាទរចំពោះបទឈប់បាញ់រវាងកម្ពុជា ថៃដែលបានចូលជាធរមាននៅវេលាថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ការប្រយុទ្ធបានកើតឡើងរយៈពេល២០ថ្ងៃ។
លើបណ្ដាញសង្គមផ្លូវការ ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជានៅថ្ងៃទី២៧ ខែធ្នូ នេះបានបង្ហោះសារពីលោកបណ្ឌិត Johann Wadephul រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់លើបណ្តាញសង្គម អ៊ិច(X)។សាររបស់លោករដ្ឋមន្រ្តីការបរទេសបានខ្លឹមសារថា”បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផ្តល់ក្តីសង្ឃឹម។ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក។
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានបន្ថែមដោយការជំរុញថា “ឥឡូវនេះ វាជារឿងសំខាន់ដែលភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះជាប់លាប់”។
លើបណ្ដាញសង្គមអ៊ិចដដែល លោកJohann Wadephul សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធាន អាស៊ាន និងក្រុមសង្កេតការណ៍។ លោកថាតួនាទីរបស់ពួកគេនៅតែមានសារៈសំខាន់ក្នុងការទប់ស្កាត់ការកើតឡើងវិញនៃអំពើហិង្សា។តែលោកបានបង្ហាញនូវការកត់សម្គាល់ថាកិច្ចព្រមព្រៀងបទឈប់បាញ់អាចជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ដើម្បីសម្រេចបាននូវគោលដៅនេះ ការសន្ទនាត្រូវតែបន្ត។
ត្រឡប់ទៅអង់គ្លេសឯណោះវិញ លោកជំទាវរដ្ឋមន្ត្រីក្រសួងការបរទេសនៃចក្រភពអង់គ្លេសបានសាទរ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងប្រទេសកម្ពុជា និងថៃ។
តាមរយៈសេចក្តីថ្លែងការណ៍លោកជំទាវ Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានប្រកាសស្វាគមន៍ព័ត៌មាននៃបទឈប់បាញ់ជាថ្មីរវាងប្រទេសថៃ និងកម្ពុជា។លោកជំទាវបន្ថែមថា វាពិតជាសំខាន់ ដែលឥឡូវនេះ យើងឃើញការបន្តពិភាក្សា និងការអនុវត្តប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយអាស៊ានដើម្បីដាក់លក្ខខណ្ឌសម្រាប់សន្តិភាពរយៈពេលវែង។
ចំណែកឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានបង្ហោះសារលើបណ្ដាញផ្លូវការរបស់លោកដោយសរសេរថា “សូមអបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ”។
មិនភ្លេចក្នុងការគូសរំលេចអំពីភាពលេចធ្លោរបស់ចិននៅដំណាក់កាលចុងក្រោយនេះ ឯកអគ្គរដ្ឋចិនខាងលើបានបញ្ជាក់នៅចុងបញ្ចប់នៃសាររបស់លោកថា”ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញនិងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពឡើងវិញ”។
គឺដូចនឹងអ្វីដែលឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ នៅថ្ងៃទី២៧ ខែធ្នូនេះដែរឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន
បានអញ្ជើញភ្លាមៗមកកាន់រដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសថៃ អញ្ជើញទៅចូលរួមកិច្ចប្រជុំត្រីភាគី
កម្ពុជា-ថៃ-ចិន នៅខេត្តយូណាន ប្រទេសចិន ក្នុងកម្មវត្ថុដើម្បីពិភាក្សាអំពីស្ថានភាពវិវត្តបច្ចុប្បន្នរវាងកម្ពុជា និងថៃ។
គួរជម្រាបថានៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឈានដល់ការរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជាទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ។ភាគីកម្ពុជាដឹកនាំនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ,ភាគីថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ។កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)បានឈានដល់ការចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែលមាន៣ចំណុចធំ និង១៦ចំណុចតូច។
ក្នុងនេះភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។
ស្របតាមស្មារតីនៃសេចក្ដីប្រកាសរួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥យោធិនកម្ពុជាចំនួន ១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង៕
ដោយ៖មុនី
រូបថត៖ស្ថានទូត

