មីយ៉ាន់ម៉ារៀបចំបោះឆ្នោតលើកដំបូង ក្រោយសង្គ្រាមស៊ីវិល៥ឆ្នាំ
ណៃពិដោ ៖ របបយោធានៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃអាទិត្យនេះ បានរៀបចំការបោះឆ្នោត ជាលើកដំបូង បន្ទាប់ពីសង្គ្រាមស៊ីវិល រយៈពេល ៥ឆ្នាំ។
ប្រជាជនបានធ្វើដំណើរទៅបោះឆ្នោត ក្រោមការរឹតត្បិតយ៉ាងខ្លាំង។ របបយោធា ដែលកំពុងកាន់អំណាច បានហៅការបោះឆ្នោតនេះថា ជាការវិលត្រឡប់ ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ នៅរយៈពេល៥ឆ្នាំ បន្ទាប់ពីបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតចុងក្រោយ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល។
ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនប្រហែល ៥០លាននាក់មួយនេះ មិនមានការបោះឆ្នោត នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមនោះទេ។
លោក Bo Saw ដែលជាអ្នកបោះឆ្នោតដំបូង នៅការិយាល័យបោះឆ្នោត នៅ Kamayut របស់ទីក្រុង Yangon បាននិយាយថា «ការបោះឆ្នោត មានសារៈសំខាន់ខ្លាំងណាស់ ហើយនឹងនាំមកនូវអ្វីដែលល្អបំផុត សម្រាប់ប្រទេស»។ បុរសវ័យ៦៣ឆ្នាំ រូបនេះ បានប្រាប់ AFP ថា «អាទិភាពទីមួយ គួរតែជាការស្ដារស្ថានការណ៍សុវត្ថិភាព និងសន្តិភាពឡើងវិញ»។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ា រៀបចំការបោះឆ្នោត ជាបីដំណាក់កាល ចន្លោះពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ រហូតដល់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលស៊ីវិល ចេញពីអំណាច កាលពីឆ្នាំ២០២១៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត