គ្រួសារស.ស.យ.ក. ប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខសន្ដិភាពនៅវិមានឈ្នះ ឈ្នះ
ភ្នំពេញ៖ដើម្បីអបអរទិវាសន្តិភាពនៅកម្ពុជាខួបលើកទី២ និងខួបលើកទី២៧ នៃទិវាបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយ ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ២០២៥ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) នឹងប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខសន្ដិភាព នៅវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញនារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥
នេះ។
អាន៖ពិធីបួងសួងសុំសេចក្ដីសុខសន្ដិភាពក្នុងព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធនៅម៉ោង ៤រសៀល ថ្ងៃទី២៩ ធ្នូ នាបរិវេណ វិមានឈ្នះឈ្នះក្រោមព្រះអធិបតី និងអធិបតីភា សម្ដេចព្រះឧត្តមវង្សា គូ សុភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។
មុនការប្រារព្ធពិធីមកដល់ក្រុមគ្រួសារស.ស.យ.ក.បានសម្តែងនូវកត្តញ្ញុកតវេទីដ៏ជ្រាលជ្រៅ ជូនចំពោះស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករទាំងឡាយនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចដែលយើងបានទទួលនៅពេលនេះ ។
សន្តិភាពដែលយើងបានស្គាល់រយៈពេល ២៧ឆ្នាំមកនេះ គឺមិនមែនកសាងបាន ក្នុងរយៈពេលមួយភ្លែតនោះទេ។ វាបានកើតឡើងពីការខិតខំប្រឹងប្រែងស្ទើរពេញមួយជីវិត របស់ថ្នាក់ដឹកនាំជំនាន់មុនរបស់យើង ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីប្តូរយកសុខសន្តិភាព ការផ្សះផ្សា ឯកភាពជាតិ។
ស.ស.យ.ក.បញ្ជាក់ថា យើងខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ព ក្នុងការការពារ សុខសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ ទោះក្នុងតម្លៃណាក៏ដោយ ៕

ដោយ៖វណ្ណលុក