ក្រោយបទឈប់បាញ់ ជនភៀសសឹកខេត្តឧត្តរមានជ័យបានចាប់ផ្តើមវិលទៅកាន់លំនៅដ្ឋានវិញ
ឧត្តរមានជ័យ៖បន្ទាប់ពីស្នូរអាវុធបានស្ងប់ស្ងាត់ ,ភាពរញ្ជួយនៃព្រះធរណីពីទម្ងន់នៃគ្រាប់ផ្លោង គ្រាប់បែកទម្លាក់ពីលើអាកាសបាននឹងថ្កល់ចាប់ពីម៉ោង១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកមានសេចក្តីត្រេកអរមុនគេបំផុត គឺជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ដែលចាកចោលផ្ទះសម្បែង ចោលទ្រព្យសម្បត្តិ សត្វចិញ្ចឹម ចម្ការច្បារដំណាំជាដើម។ខណៈនេះជនភៀសសឹកនៃខេត្តមួយចំនួនបានវិលត្រឡប់ទៅភូមិកំណើតវិញជាបណ្ដើរៗ ហើយ ក្នុងនេះមានខេត្តឧត្តរមានជ័យដែរ។

បទឈប់បាញ់បន្ទាន់បានចូលជាធរមានដោយកំណត់ចាប់ពីម៉ោង១២ ថ្ងៃត្រង់ថ្ងៃសៅរ៍ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជា ថៃ នៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ(GBC)លើកទី៣ ។

នៅខេត្តឧត្តរមានជ័យ ដែលជាខេត្តមានព្រំដែនជាប់ប្រទេសថៃ និងមានជនភៀសសឹកយ៉ាងច្រើនដែរនោះ ការឈប់បាញ់
ការលែងលឺស្នូរគ្រាប់កាំភ្លើង គឺជាអ្វីដែលបងប្អូនជនភៀសសឹកចង់បានបំផុត។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានប្រាប់អ្នកសារព័ត៌មានកាលព្រឹកថ្ងៃចន្ទទី២៩ ខែធ្នូ ឆ្នាំ២០២៥ថា ការអនុវត្តបទឈប់បាញ់មកដល់ម៉ោងនេះគឺមានរយៈពេលជាង៤០ម៉ោងហើយ។នៅតាមព្រំដែនពុំមានស្នូរផ្ទុះអាវុធទៀតទេ ។គឺមានសភាពស្ងត់ស្ងាត់ល្អ។
ចំពោះស្ថានភាពជនភៀសសឹកបច្ចុប្បន្ន ខេត្តឧត្តរមានជ័យមានជនភៀសសឹកប្រមាណជាង៥ម៉ឺនគ្រួសារ ក្នុងចំនួនគ្រួសារសរុប៦៨.០០០គ្រួសារ បានធ្វើការផ្លាស់ទីលំនៅដ្ឋានរបស់ខ្លួនមកកាន់ទីជំរកសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងមួយចំនួនតូចក៏បានទៅរស់នៅផ្ទះបងប្អូន។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្រោយពេលបទឈប់បាញ់ចូលជាធរមានបងប្អូនជនភៀសសឹកមួយចំនួនបានចាប់ផ្តើមវិលត្រឡប់ទៅផ្ទះវិញបណ្ដើរៗ។ឯកឧត្តមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ ធ្នូម្សិលមិញ មានបងប្អូនភៀសសឹកមួយចំនួនបានចូលទៅលំនៅដ្ឋានរបស់គាត់វិញ នៅក្រោម២ទម្រង់ ។ទម្រង់ទី១ គឺចូលទៅពិនិត្យមើលទ្រព្យសម្បត្តិ សត្វពាហណៈ ក៏ដូចស្ថានភាពផ្ទះរបស់គាត់ ។ទម្រង់ទី២ គឺត្រឡប់ទៅចូលលំនៅដ្ឋានវិញដោយមានការអនុញ្ញាតពីអាជ្ញាធរ ដែលឈរលើគោលការណ៍សុវត្ថិភាពជាធំ ដោយធានាថា គ្មានគ្រោះថ្នាក់។
ចំណែកលោក លឹម អាងស៊ី អាជីវករលក់ដូរនៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាជនភៀសសឹកម្នាក់ក្នុងចំណោមជនភៀសសឹកដទៃទៀតដែលមិនបង្អែរបង្អង់ក្នុងការវិលត្រឡប់ទៅផ្ទះវិញ។លោកបានប្រាប់បណ្ដាញព័ត៌មាន AMS ថា លោកសម្រេចចិត្តមកផ្ទះ និងបើកតូបលក់ដូរវិញនៅក្រោយពេលមានបទឈប់បាញ់។លោកថា សំឡេងគ្រាប់ផ្លោង លែងលឺហើយ។លោកបានធូរស្បើយមួយអន្លើ ។លោកបន្តថា ក្តីប្រាថ្នារបស់ប្រជាពលរដ្ឋចង់ឃើញសន្តិភាពយូរអង្វែងតទៅ ។
ខេត្តឧត្តរមានជ័យមានព្រំប្រទល់ជាប់ជាមួយនឹងខ្សែបន្ទាត់ព្រំដែនជាង២០០គីឡូម៉ត្រ ។រដ្ឋបាលខេត្តបានបញ្ជាក់ថាដើម្បីរក្សាសុវត្តិភាព ដល់ប្រជាពលរដ្ឋ ខេត្តបានកំណត់ចេញជាតំបន់សុវត្ថិភាពចំនួន៣ ក្នុងនោះមាន តំបន់ពណ៌ក្រហម ត្រូវជម្លៀសចេញ ,តំបន់លឿង និងតំបន់ស ជាតំបន់សុវត្ថិភាព ប្រជាពលរដ្ឋមិនបាច់ជម្លៀសចេញពីលំនៅដ្ឋានទេ៕
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា
