ចិន ប្រកាសទិញផ្លែខ្មុរ វៀតណាម ចាប់ពីឆ្នាំក្រោយ
ហាណូយ ៖ ប្រទេសចិនបានប្រកាសប្រមូលទិញផ្លែខ្មុរស្រស់ ពីប្រទេសវៀតណាម ជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus កាលពីថ្ងៃអាទិត្យ ។
រដ្ឋបាលគយចិន ហៅកាត់ GACC និយាយថា ដើម្បីធានានូវគុណភាពផលិតផលនាំចូល, រាល់ចម្ការផ្លែខ្នុរវៀតណាមតម្រូវឲ្យបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាព និងតាមដានដ៏ទូលំទូលាយ ។
ចម្ការខ្នុរត្រូវតែមានការអនុវត្តកសិកម្មកម្រិតល្អ, រក្សាអនាម័យ, ប្រមូលផ្លែឈើដែលជ្រុះ និងរលួយចេញពីចម្ការជាប្រចាំ ព្រមទាំង អនុវត្តវិធានការគ្រប់គ្រងសត្វល្អិតឲ្យបានម៉ត់ចត់ជាដើម ។
បើតាមសារព័ត៌មាន VNexpress, ការនាំចេញផ្លែខ្នុរទៅចិនរំពឹងនឹងជួយបង្កើនកំណើននាំចេញផ្លែឈើ និងបន្លែវៀតណាម ឱ្យមានឈានដល់គោលដៅ តម្លៃ ៨ ពាន់ ៥០០ លានដុល្លារ ក្នុងមួយឆ្នាំៗ ។
ក្រសួងកសិកម្មវៀតណាមបញ្ជាក់ថា ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៥ នេះការនាំចេញផលិតផលកសិកម្មរបស់វៀតណាម មានតម្លៃជិត ៧ ពាន់ ១០០ លានដុល្លារ ដោយក្នុងនោះ ប្រទេសចិនគ្របដណ្តប់ជិត ៦៣ ភាគរយនៃការនាំចេញសរុប ៕
ប្រភពពី VietnamPlus, VNexpress ប្រែសម្រួល៖ សារ៉ាត