អង់គ្លេស បិទផ្សាយផ្ទាំងរូបភាពតាមចាប់ខ្លួនលោក Netanyahu ពាសពេញទីក្រុងឡុងដ៍
ឡុងដ៍៖ ក្រុមសកម្មជននៅអង់គ្លេសបានបិទផ្សាយផ្ទាំងរូបភាព រំលេចខ្លឹមសារអំពីការតាមចាប់ខ្លួន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅពាសពេញទីក្រុងឡុងដ៍ ។
បើតាមទីភ្នាក់ងារព័ត៌មាន Anadolu, ផ្ទាំងរូបភាពតាមចាប់ខ្លួនទាំងនេះត្រូវបានក្រុមសកម្មជន បិទនៅលើរថយន្តក្រុង, តាមដងផ្លូវ និងនៅទីកន្លែងសំខាន់ៗ អំឡុងការតវ៉ាមួយកាលពីថ្ងៃទី២៧ ខែធ្នូ ។
សកម្មជនទាំងនោះបានបង្ហាញការមិនពេញចិត្តនឹងលោក Netanyahu ជុំវិញឧក្រិដ្ឋកម្មសង្រ្គាម និង អំពើប្រល័យពូជសាសន៍ ដែលពាក់ព័ន្ធនឹងជម្លោះនៅតំបន់ហ្គាហ្សា ។
លោក Netanyahu ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ចេញដីការចាប់ខ្លួន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ។ ដីកាចាប់ខ្លួននេះ បានចោទប្រកាន់ មេដឹកនាំអ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្ត នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ។
ចាប់តាំងពីផ្ទុះសង្គ្រាមរយៈពេលជាង ២ ឆ្នាំមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ជាង ៧ ម៉ឺន ១ ពាន់នាក់ ដែលភាគច្រើន ជាស្ត្រី និងកុមារ ។
យ៉ាងណា សង្គ្រាមមួយនេះទទួលបានបទឈប់បាញ់មួយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ដូណាល់ ត្រាំ ។ ប៉ុន្តែអ៊ីស្រាអែលមិនបានបញ្ឈប់ការវាយប្រហាររបស់ខ្លួននោះឡើយ ។
ជាក់ស្ដែង ក្នុងរយៈពេលជាង ២ ខែមកនេះ អ៊ីស្រាអែលបានរំលោភបំពានបទឈប់បាញ់នៅតំបន់ហ្គាហ្សាដល់ទៅជិត ៩៧០ ដង ៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត