រោងចក្រទឹកស្អាតថ្មីទី៣ខេត្តបាត់ដំបងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៦

បាត់ដំបង៖មកដល់ពេលនេះការដ្ឋានសាង់សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីទី៣ កំពង់សីមា ខេត្តបាត់ដំបង​សម្រេចការ​សាង​សង់រួចរាល់ហើយ ។រោងចក្រដែលមានសមត្ថភាពផលិតទឹកស្អាតក្នុងមួយថ្ងៃបាន៥ម៉ឺនម៉ែត្រគូបនេះ គ្រោងនឹងដាក់ឱ្យ​ដំណើរ​ការនៅដើមឆ្នាំ២០២៦ នេះ។

ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបានឱ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣នៅកំពង់សីមា គឺជា​រោងចក្រផលិតទឹកស្អាតខ្នាតធំថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង ។រោងចក្រថ្មីនេះសមត្ថភាពផលិតទឹក​ស្អាត​ចំនួន៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។រោងចក្រសាងសង់បាន១០០ភាគរយហើយ ហើយគ្រោងនឹងដាក់ឱ្យ​ដំណើរការចែក​ចាយ​ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង និងពង្រីកទៅកាន់តំបន់គោលដៅជុំវិញនៅដើមឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តមអគ្គនាយករដ្ឋាករទឹកបាត់ដំបងបានបញ្ជាក់ឱ្យដឹងបែបនេះក្នុងឱកាសចុះត្រួតពិនិត្យតាមដានដំណើរការ និងផ្តល់​វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសពីខាងក្រុមហ៊ុនម៉ៅការសាងសង់ចិន CCECC ពីរបៀប​ប្រើប្រាស់​ប្រព័ន្ធរោងចក្រ​ផលិតទឹកស្អាតថ្មីខាងលើនេះ ជូនដល់កម្មសិក្សាដែលជាកម្មករ និយោជិត កិច្ចសន្យាចំនួន ២៥នាក់ លើជំនាញគ្រប់គ្រង ថែទាំ និងជួសជុលនៅពេលដំណើរការខាងមុខ។

សូមជម្រាបថារោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ស្ថិតនៅក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ។ជា​គម្រោង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងស
ម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមការបញ្ជាក់របស់ឯកឧត្តម អ៊ុត ក្លឹង សមិទ្ធផលនិងសមិទ្ធកម្មនៃគម្រោងខាងលើនេះរួមមាន​ ការសាងសង់ស្ថានីយ​បូមទឹកឆៅមួយកន្លែង សម្រេចបាន១០០ភាគរយ, ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែង ដែលមាន​សមត្ថភាពផលិត ៥០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ក៏សម្រេចបាន១០០ភាគរយ, ការតភ្ជាប់បណ្តាញ និងពង្រីកបំពង់ទឹក​ស្អាតប្រវែង ៩៤ គីឡូម៉ែត្រក៏សម្រេចបាន៩៩ភាគរយដែរ។

ឯកឧត្តម អ៊ុត ក្លឹង បញ្ជាក់ថា សមិទ្ធផលគម្រោងខាងលើ បានបិទបញ្ចប់ទាំងស្រុង ដោយនៅរង់ចាំតែកម្មវិធីធ្វើតេស្តនៃ​ដំណើរការសាកល្បងជាផ្លូវការតែប៉ុណ្ណោះ។សមត្ថភាពរោងចក្រផលិតទឹកស្អាតថ្មីនេះ បូករួមជាមួយ​រោងចក្រ​ផលិតទឹក​ស្អាតដែលកំពុងដំណើរការបច្ចុប្បន្នចំនួន២ទីតាំងនឹងធ្វើឱ្យរដ្ឋាករទឹកបាត់ដំបងអាចមានសមត្ថភាពផលិតទឹកស្អាត កើន​ដល់ទៅ ៨៣ ៥២០ម៉ែត្រគូប ក្នុងមួយថ្ងៃ។បរិមាណនេះមិនត្រឹមតែអាចគ្របដណ្តប់ ក្នុងដែនសេវាកម្មអាជ្ញាបណ្ណ​រដ្ឋាករ​ទឹកបាត់ដំបងផ្ទាល់ប៉ុណ្ណោះទេ តែថែមទាំងអាចមានលទ្ធភាពចែកចាយនៅតំបន់ខាងក្រៅសេវាផ្សេងៗ ជាការឆ្លើយ​តបទៅ​នឹង​កំណើនប្រជាពលរដ្ឋនិងតម្រូវការទឹកស្អាត។ជាការចូលរួមអភិវឌ្ឍទីក្រុង និងទីប្រជុំជននានា ក្នុងការលើកកម្ពស់សុខ
ភាពសាធារណៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្រ្តី​ ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner