សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយវីរយុទ្ធជនទាំង ១៨រូប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយវីរយុទ្ធជនទាំង១៨រូប នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ទី៣១ ធ្នូ ២០២៥ បន្ទាប់ពីបានមកដល់ដល់តែប៉ុន្មានម៉ោង ក្រោយភាគីថៃប្រគល់មកកម្ពុជាវិញ។
តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី បានលើកឡើងថា ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រឡប់មកជួបជុំគ្រួសារវិញរបស់បងប្អូនវីរយុទ្ធជនទាំង ១៨រូប ។
សម្ដេចធិបតី បន្តថា រាជរដ្ឋាភិបាល បានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរយុទ្ធជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងចាត់ទុកជំនួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលទើបបានធ្វើមាតុភូមិនិវត្តមកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព នេះ ជាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានគោលដៅកាតព្វកិច្ចចំនួនបី គឺ៖ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន ។
គួរបញ្ជាក់ថា វីរកងទ័ពកម្ពុជាចំនួន ១៨រូប បានមកដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញទៅទទួលដោយផ្ទាល់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំជាច្រើនរូប រួមទាំង សមាជិក ក្រុមគ្រួសារវីរកងទ័ព ទាំង ១៨រូប នៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ។
សូមជម្រាបថា ភាគីថៃ បានប្រគល់វីរកងទ័ពទាំង១៨រូប មកកម្ពុជាវិញ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ នៅច្រកទ្វារព្រំដែន អន្តរជាតិ ព្រំ- ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹង ខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) ។
ការដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប បានកើតឡើងបន្ទាប់កម្ពុជា និងថៃ បានអនុវត្ត បទឈប់បាញ់បាន ពេញលេញ ក្នុងពេល ៧២ម៉ោង ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ(GBC)កម្ពុជា-ថៃ ។
គួររំឭកថា យោធិនកម្ពុជាចំនួន ២០រូប ត្រូវបានទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមាន បទឈប់បាញ់។ ក្រោយមកនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់យោធិនកម្ពុជាមកវិញចំនួន ២រូប និងនៅបន្តឃុំយោធា ១៨នាក់រហូតមកទល់ថ្ងៃទី៣១ធ្នូនេះ គឺមានរយៈពេល ១៥៥ថ្ងៃ ៕
ដោយ៖វណ្ណលុក





