អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ តម្លៃនៃបទឈប់បាញ់ ជួយដល់ជីវិតមនុស្ស ,កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ការពារខ្សែបន្ទាត់ព្រំដែន អន្តរជាតិកម្ពុជា-ថៃ
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថាការដោះលែងយោធិនកម្ពុជាទាំង១៨រូបឱ្យវិលត្រឡប់មកជួបជុំគ្រួសារវិញនាពេលនេះគឺជាលទ្ធផលមួយទៀតដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីយើងទទួលបានបទឈប់បាញ់ និងកំពុងតែអនុវត្តបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួននៅពេលនេះ។
មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា៖ សម្រាប់ជំហានបន្ទាប់ទៀត គឺការឈានទៅការដោះស្រាយព្រំដែន ដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ។
ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ថា៖ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ នៅក្នុងការ ការពារខ្សែបន្ទាត់ព្រំដែន អន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មាធិការ ព្រំដែនឥណ្ឌូចិន សៀម ក្នុងនេះគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ។គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម សន្ធិសញ្ញាបារាំងសៀម ផែន ទី និងកំណត់ហេតុរបស់គណៈកម្មាធិការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង ឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែ ព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយ។
ឯកឧត្តម ប៉ែន បូណា បន្ថែមថា កម្លាំងចលករដ៏សំខាន់ក្នុងឈានទៅសម្រេចដោះការស្រាយព្រំដែនតាមសន្តិ វិធី និងយុត្ថិធម៌ពេលខាងមុខ គឺទី១ ជំហរការទូតច្បាស់លាស់ និងប្រកបដោយភាពចាស់ទុំរបស់ថ្នាក់ដឹនាំរបស់យើងដែលឈរលើកិច្ចសន្ទនា ដោយផ្អែកលើច្បាប់ ។កម្ពុជាមានឯកសារផ្លូវច្បាប់រឹងមាំដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ ។
ជាមួយគ្នានេះយើងមានជំហរអន្តរជាតិដែលបានគាំទ្រឱ្យមានការដោះស្រាយដោយសន្តិវិធី ដែលផ្អែកលើច្បាប់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថាកម្ពុជាក៏មានកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ ក្នុងចំណោមស្រទាប់ប្រជាពលរដ្ឋខ្មែរ។ទាំងអស់គឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាដើម្បីឈានទៅរការដោះស្រាយបញ្ហាព្រំដែន កម្ពុជា និង ប្រកបដោយសន្តិវិធីខាងមុខ៕ដោយ៖ម៉ាដេប៉ូ
