សម្តេចតេជោ ហ៊ុន សែន អរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រជាជាតិរួមគ្នាជាធ្លុងមួយចូលរួមចំណែកការពារទឹកដី
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលមានស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា នាពេលកន្លងមក ជាពិសេសក្នុងពេលកម្ពុជាទទួលរងការឈ្លានពាន ដោយកងទ័ពថៃ ។
យោងតាមសារលិខិតទូលថ្វាយព្រះរាជពរ ថ្វាយព្រះពរ ប្រគេន និងជូនពរប្រជាជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទំាងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានពីសំណាក់ប្រជាជាតិកម្ពុជាទាំងមូល ដល់វីរកងទ័ពជួរមុខ ជនរងគ្រោះ និងប្រជាជនភៀសសឹកកម្ពុជា គឺជាមោទនភាពជាតិខ្មែរ និងគុណធម៌ដ៏ប្រសើរ ។ ការណ៍នេះ បានបង្ហាញឱ្យពិភពលោកទាំងមូលឃើញថា ទោះបីជាកំពុងស្ថិត ក្នុងកាលៈទេសៈលំបាកយ៉ាងណា ក៏ជនរួមជាតិកម្ពុជាទាំងអស់ នៅតែរួមសុខទុក្ខជាមួយគ្នា ក្នុងនាមជាប្រជាជាតិតែមួយ។
ដើម្បីព្រះរាជាណាចក្រកម្ពុជា អាចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ព្រមទាំងស្តារនិងថែរក្សា ការពារសន្តិភាពជាមួយប្រទេសថៃ និងសន្តិភាពផ្ទៃក្នុងប្រទេសឱ្យបានគង់វង្សយូរអង្វែង និងជំរុញការអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ សម្តេចតេជោ សូមលើកទឹកចិត្តប្រជាជាតិកម្ពុជាទាំងមូល បន្តស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានសំណូមពរដល់ជនរួមជាតិ បន្តការជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ព ដែលបានខិតខំប្រឹងប្រែងលះបង់ជាទីបំផុត ក្នុងការដឹកនាំ និងការពារជាតិមាតុភូមិ ដែលជាមរតកដូនតាខ្មែរ ព្រមទាំងប្រជាពលរដ្ឋឱ្យបន្តរស់នៅប្រកបដោយសុខសុវត្ថិភាព ៕
ដោយ៖ វណ្ណលុក

