បារាំង និងអង់គ្លេសវាយប្រហាររួមគ្នា លើទឹកដីស៊ីរី

ដាម៉ាស ៖ អង់គ្លេស និងបារាំង កាលពីថ្ងៃអាទិត្យ បាននិយាយថា ពួកគេបានធ្វើការវាយប្រហាររួមគ្នា នៅលើទឹកនៃប្រទេសស៊ីរី ដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមអ៊ីស្លាម IS កុំឲ្យងើបឡើងវិញ។

ប្រទេសបារាំងបាននិយាយថា «វាជាផ្នែកមួយ នៃ ប្រតិបត្តិការ Inherent Resolve ដែលជាការវាយលុកកម្រិតអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងលីប៊ី ផងដែរ»។

ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ខ្លួនបានសហការជាមួយបារាំង កាលពីយប់ថ្ងៃសៅរ៍ ដើម្បីវាយប្រហារទីតាំងក្រោមដី ក្នុងប្រទេសស៊ីរី ដែលទំនងជាត្រូវបានប្រើប្រាស់ ដោយក្រុមរដ្ឋអ៊ីស្លាម ដើម្បីរក្សាទុកអាវុធ។

ក្រសួងបាននិយាយថា មិនមានការចង្អុលបង្ហាញ ការទម្លាក់គ្រាប់បែក កើតមាននៅភាគខាងជើង នៃ ទីតាំងបុរាណ Palmyra ដែលបានបង្កហានិភ័យណាមួយ ដល់ជនស៊ីវិល នោះទេ។

គួរបញ្ជាក់ថា ក្រុមប្រដាប់អាវុធ IS ឬ ISIS ត្រូវបានគេដឹងថា រងបរាជ័យនៅលើទឹកដីស៊ីរី ក្នុងឆ្នាំ២០១៩ ប៉ុន្តែ នៅតែរក្សាវត្តមាន នៅក្នុងប្រទេសនេះ ជាពិសេស ស្ថិតនៅតំបន់វាលខ្សាច់ដ៏ធំ របស់ប្រទេស មួយនេះ។

កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្មាន់កាំភ្លើងក្រុម IS នៅទីក្រុង Palmyra បានវាយប្រហារ លើជនជាតិអាមេរិក ដោយបានសម្លាប់ទាហានអាមេរិក ចំនួន២នាក់ និង ជនស៊ីវិលអាមេរិក ម្នាក់។ ជាការឆ្លើយតប, កងកម្លាំងអាមេរិក បាននិយាយថា ពួកគេបានវាយប្រហារ លើគោលដៅជាច្រើនកន្លែង របស់ក្រុម IS នៅស៊ីរី ទុកជាការសងសឹក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner