ម៉ាឡេស៊ី ចាត់ទុកទង្វើ អាមេរិក រំលោភច្បាប់អន្តរជាតិ និងជំរុញឱ្យដោះលែងលោក ម៉ាឌូរ៉ូ ជាបន្ទាន់
គូឡាឡាំពួ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានចាត់ទុកប្រតិបត្តិការយោធាអាមេរិកនៅវេណេស៊ុយអេឡាថ្មីៗនេះ ដែលឈានដល់ការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ និងជំទាវទី១របស់គាត់ បានបង្ហាញយ៉ាងច្បាស់ពីទង្វើរំលោភបំពានច្បាប់អន្តរជាតិ ហើយជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដោះលែងពួកគេជាបន្ទាន់ ។
លោកនាយករដ្ឋមន្រ្តី អាន់វ៉ា បាននិយាយកាលពីថ្ងៃអាទិត្យ យ៉ាងដូច្នេះថា អាមេរិកត្រូវតែដោះលែងលោកប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយារបស់គាត់ជាបន្ទាន់ ដោយគ្មានការពន្យារពេលអ្វីទាំងអស់ ។
មេដឹកនាំម៉ាឡេស៊ីរូបនេះ ក៏បានព្រមានដែរថា ទោះបីមានហេតុផលអ្វីក៏ដោយ ការដកប្រមុខរដ្ឋាភិបាលដែលកំពុងកាន់តំណែងដោយបង្ខំ តាមរយៈសកម្មភាពខាងក្រៅ នឹងបង្កើតជា «គំរូដ៏គ្រោះថ្នាក់» ដែលធ្វើឱ្យចុះខ្សោយក្របខណ្ឌច្បាប់នៃសណ្តាប់ធ្នាប់អន្តរជាតិ ។
លោក អាន់វ៉ា មានវ័យ៧៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា វាគួរតែជាសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡាផ្ទាល់ ក្នុងការកំណត់អនាគតនយោបាយរបស់ពួកគេដោយខ្លួនឯង ។
លោកថា ម៉ាឡេស៊ីចាត់ទុកការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជារឿងសំខាន់បំផុត ហើយការសន្ទនា និងការកាត់បន្ថយភាពតានតឹង គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារជនស៊ីវិល ។
លោកប្រធានាធិបតី ម៉ាឌូរ៉ូ មានវ័យ ៦៣ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយជំទាវទី១ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ដោយកងកម្លាំងពិសេសអាមេរិក ក្នុងប្រតិបត្តិការរហ័សមួយ និងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងញូវយ៉កភ្លាមៗ ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់ «ភេរវកម្មគ្រឿងញៀន» ៕


ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា