មេដឹកនាំកូរ៉េខាងជើងបញ្ជាបង្កើនការផលិតអាវុធយុទ្ធសាស្រ្តទប់ទល់សត្រូវ
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលចុះពិនិត្យមើលខ្សែសង្វាក់រោងចក្រសព្វាវុធ ដែលកំពុងផលិតអាវុធនាំផ្លូវយុទ្ធសាស្ត្រ បានណែនាំមន្ត្រីឱ្យពង្រីកសមត្ថភាពផលិតកម្មបន្ថែមទ្វេដង ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង, លោក គីម បានអះអាងថា ប្រព័ន្ធអាវុធនាំផ្លូវយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងមានសារៈសំខាន់ខ្លាំង សម្រាប់វិស័យយោធា ដើម្បីជំនួសប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់របស់ខ្លួននាពេលអនាគត ។
លោក គីម បានបង្ហាញអំពីផែនការ ដើម្បីបំពាក់អាវុធទំនើបៗដល់អង្គភាពយោធាសំខាន់ៗ ជាមួយនឹងប្រព័ន្ធអាវុធនាំផ្លូវយុទ្ធសាស្ត្រ ដែលចាប់ផ្តើមនៅឆមាសទីមួយនៃឆ្នាំ២០២៦នេះ ។ ជាមួយគ្នានេះ លោក គីម ក៏បានសង្កត់ធ្ងន់លើតម្រូវការពង្រីកសមត្ថភាពផលិតកម្មប្រព័ន្ធអាវុធនេះដល់ទៅ ២.៥ដង ដើម្បីបំពេញតម្រូវការយោធា ។
ការជំរុញនេះកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងបាលិស្ទីគជាច្រើនគ្រាប់ ចេញពីរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅសមុទ្រខាងកើតរបស់ប្រទេសខ្លួន នៅម៉ោងប្រហែល ៧និង៥០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ។ នេះបើតាមការអះអាងពីយោធាកូរ៉េខាងត្បូង ។
យោងតាមសារព័ត៌មាន CNA, នេះជាការបាញ់មីស៊ីលផ្លោងបាលិស្ទីគលើកដំបូងក្នុងរយៈពេល២ខែ និងជាលើកដំបូងក្នុងឆ្នាំ ២០២៦ ពោលគឺមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង ធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ជាទីដែលមេដឹកនាំទីក្រុងសេអ៊ូល ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីសន្តិភាពនៅតំបន់ឧបទ្វីបកូរ៉េ ៕



