កម្ពុជារំពឹងលើអ្វី ក្នុងពិភពលោកមួយដែលច្បាប់អន្តរជាតិត្រូវបានជាន់ឈ្លីដោយមហាអំណាច?

កម្ពុជារំពឹងលើអ្វី ក្នុងពិភពលោកមួយដែលច្បាប់អន្តរជាតិត្រូវបានជាន់ឈ្លីដោយមហាអំណាច?

ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់អាមេរិកនៅវេណេស៊ុយអេឡា គឺជាឧទាហរណ៍ថ្មីមួយទៀតបង្ហាញថា ពិភពលោកកំពុងក្រឡាប់ចាក់ អ្នកធំវ៉ាយអ្នកតូច អ្នកខ្លាំងធ្វើបាបអ្នកខ្សោយ ដោយមិនខ្វល់ខ្វាយនឹងច្បាប់ទម្លាប់អន្តរជាតិ ហើយក៏គ្មាននរណាហ៊ានចេញមុខជួយដែរ។

ជាប្រទេសតូចមួយដែលធនធានសេដ្ឋកិច្ច និងមធ្យោបាយយោធានៅមានកម្រិត កម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំងលើច្បាប់អន្តរជាតិ ដើម្បីជួយការពារអធិបតេយ្យភាព បូរណភាពដែនដី និងដោះស្រាយវិវាទជាមួយប្រទេសធំៗដោយសន្តិវិធី។ វាគឺជាជម្រើសសមហេតុផលសម្រាប់ប្រទេសកំពុងអភិវឌ្ឍមួយនេះ ដែលមិនអាច និងមិនមានបំណងប្រកួតប្រជែងដោយកម្លាំងយោធាជាមួយប្រទេសជិតខាងដែលមានសេដ្ឋកិច្ចរីកចម្រើន និងសម្ភារៈសឹកទំនើបគ្រប់បែបយ៉ាងនោះទេ។

ការគោរពខ្សែបន្ទាត់ព្រំដែន អធិបតេយ្យភាព និងការមិនប្រើកម្លាំង ត្រូវបានចាត់ទុកថាជាគោលការណ៍សកល ដែលប្រទេសទាំងអស់ត្រូវគោរពដូចគ្នា។ ប៉ុន្តែស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងបង្ហាញថា អ្នកខ្លាំងគឺជាអ្នកឈ្នះ ហើយច្បាប់អន្តរជាតិត្រូវបានគេផាត់ចោល។ ជាក់ស្តែង រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ថៃបានឈ្លានពានកម្ពុជា ហើយថ្មីៗនេះ អាមេរិកបានវាយលុកលើវេណេស៊ុយអេឡា។ ចំពោះមុខការរំលោភច្បាប់អន្តរជាតិក្រោមហេតុផលផ្សេងៗ ពិភពលោក ពិសេសអង្គការសហប្រជាតិជាតិ បានត្រឹមឈរមើលប៉ុណ្ណោះ។

សម្រាប់កម្ពុជា ដែលជាប្រទេសតូច និងមានប្រវត្តិរងគ្រោះពីការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ នេះគឺជាសញ្ញាព្រមានដ៏ច្បាស់ថា កម្ពុជាមិនអាចរំពឹងលើ UN ឬប្រព័ន្ធច្បាប់អន្តរជាតិទាំងស្រុងបានទេ។ នៅពេលអធិបតេយ្យភាពកម្ពុជាត្រូវបានរំលោភបំពានទាំងកម្រោលដោយថៃ កម្ពុជាបានត្រឹមឃើញសហគមន៍អន្តរជាតិអំពាវនាវឲ្យមានការអត់ធ្មត់ ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី ឬបង្ហាញក្តីបារម្ភយ៉ាងខ្លាំងប៉ុណ្ណោះ។ កុំថាឡើយជួយការពារផ្ទាល់ គ្មានស្ថាប័ន ឬប្រទេសណា ចេញមុខថ្កោលទោសប្រទេសថៃ ដែលបានបង្កឧក្រិដ្ឋកម្មសង្គ្រាម មកលើកម្ពុជាឡើយ។

ការឈ្លានពានអធិបតេយ្យភាពកម្ពុជាពីសំណាក់យោធាថៃបង្ហាញថា ប្រទេសតូចអាចក្លាយជាជនរងគ្រោះ នៅពេលច្បាប់អន្តរជាតិមិនត្រូវបានអនុវត្តដោយស្មើភាព។ ក្នុងបរិបទនេះ តើកម្ពុជាគួររំពឹងអ្វី? កម្ពុជាមិនអាចពឹងផ្អែកលើច្បាប់អន្តរជាតិតែមួយមុខនោះទេ។ ថ្វីបើវានៅមានតម្លៃ ប៉ុន្តែច្បាប់អន្តរជាតិមិនមែនជាខែលការពារដ៏រឹងមាំឡើយ ប្រសិនបើគ្មានឆន្ទៈនយោបាយពីសហគមន៍អន្តរជាតិ។ កម្ពុជាអាចបន្តប្រើវាជាមូលដ្ឋានផ្លូវច្បាប់ ប៉ុន្តែមិនគួររំពឹងថា វានឹងជួយដោះស្រាយបញ្ហាទាំងអស់ភ្លាមៗនោះទេ។

ពិភពលោកសព្វថ្ងៃ មិនមាន“ចៅក្រមអព្យាក្រឹត”ទៀតឡើយ។ ពេលនេះ អង្គការសហប្រជាជាតិគ្រាន់តែជាវេទិកានយោបាយមួយប៉ុណ្ណោះ មិនមែនជាអ្នកធានាសន្តិភាពពិភពលោកពិតប្រាកដទៀតឡើយនៅពេលមានការប្រើកម្លាំងពីភាគីមានអំណាច។ អ្នកវិភាគជាច្រើនយល់ស្របគ្នាថា សម្រាប់កម្ពុជា ចំណុចសំខាន់ គឺត្រូវប្រកាន់គោលនយោបាយការទូតឆ្លាតវៃ បត់បែន និងមានតុល្យភាព ពោលគឺចងមិត្តជាមួយគ្រប់ប្រទេស ជាពិសេសប្រទេសមហាអំណាចដូចជាចិន និងសហរដ្ឋអាមេរិកជាដើម ដែលកំពុងប្រកួតប្រជែងគ្នាដណ្តើមតួនាទីជាអ្នកចាត់ចែងកិច្ចការពិភពលោក។

ចំពោះប្រទេសកម្ពុជា កម្លាំងជាតិ និងឯកភាពជាតិ គឺជាកត្តាសំខាន់បំផុតមួយនៅក្នុងពិភពលោកបច្ចុប្បន្ន ដែល “អំណាចអ្នកខ្លាំង”មានអានុភាពលើ“ច្បាប់អន្តរជាតិ”។ ប្រទេសតូចត្រូវពឹងលើសាមគ្គីភាពជាតិ កម្លាំងការពារជាតិ និងសមត្ថភាពខ្លួនឯង ដើម្បីការពារខ្លួន។ ក្នុងន័យនេះ ឯកភាពផ្ទៃក្នុង និងការគាំទ្ររាជរដ្ឋាភិបាល គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់ការការពារអធិបតេយ្យភាព។ ជម្លោះព្រំដែនពេលនេះបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ បានពួតដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រ និងផ្តល់កម្លាំងចិត្តដ៏ធំធេងដល់វីរកងទ័ពជួរមុខ។

ដូច្នេះ ការពឹងលើសមត្ថភាពខ្លួនឯង គឺជាជម្រើសដ៏មានប្រសិទ្ធិភាព និងមានភាពយូរអង្វែង។ ស្ថានភាពពិភពលោកបច្ចុប្បន្នបង្រៀនយើងថា គ្មាននរណាមកការពារយើងល្អជាងខ្លួនយើងផ្ទាល់នោះទេ។ ការពង្រឹងឃឿនសេដ្ឋកិច្ចជាតិ សន្តិសុខ សមត្ថភាពរដ្ឋាភិបាល និងចំណេះដឹងរបស់ប្រជាពលរដ្ឋ ទើបជាខែលការពារពិតប្រាកដសម្រាប់ប្រទេសតូចតាច ដូចកម្ពុជា។

ជារួម ក្នុងពិភពលោកមួយ ដែលច្បាប់អន្តរជាតិកំពុងចុះខ្សោយ ហើយអ្នកខ្លាំងធ្វើបាបអ្នកខ្សោយតាមអំពើចិត្ត កម្ពុជាមិនគួរបោះបង់ច្បាប់អន្តរជាតិទេ ប៉ុន្តែត្រូវយល់ដឹងពីដែនកំណត់របស់វា។ ការរំពឹងដ៏ប្រាកដនិយមបំផុត គឺការរួមបញ្ចូលគ្នារវាងច្បាប់ ការទូត កម្លាំងជាតិ និងឯកភាពជាតិ ដើម្បីការពារអធិបតេយ្យភាព និងអនាគតរបស់ប្រទេស។ ក្នុងយុគសម័យនេះ កម្ពុជាមិនអាចជឿជាក់លើស្ថាប័នពិភពលោក ឬតំបន់ ដូចអង្គការសហប្រជាជាតិ និងអាស៊ាននោះទេ ប៉ុន្តែត្រូវឈរលើជើងខ្លួនឯង និងពឹងលើខ្លួនឯង៕

អត្ថបទ៖ ទឹង សុខលីម

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner