លោក ត្រាំ ព្រមាន ៣ ប្រទេសទៀតអាចមានវាសនាស្រដៀង វេណេស៊ុយអេឡា

វ៉ាស៊ីងតោន ៖ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានចេញការព្រមានដល់ប្រទេសចំនួន ៣ បន្ថែមទៀត អាចនឹងមានវាសនាស្រដៀងប្រទេសវេណេស៊ុយអេឡា ដែលទើបតែត្រូវបានអាមេរិកវាយប្រហារ និងចូលទៅចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ដល់កណ្តាលទីក្រុងការ៉ាកាស ។

បើតាមសារព័ត៌មាន RT, ប្រទេសទាំង ៣ ដែលលោក ត្រាំ ព្រមាននោះរួមមាន ប្រទេសម៉ិកស៊ិក កូឡុំប៊ី និង គុយបា បន្ទាប់ពីប្រទេសទាំងនេះសុទ្ធតែបានថ្កោលទោសចំពោះប្រតិបត្តិការយោធារបស់អាមេរិក ប្រឆាំងនឹងវេណេស៊ុយអេឡា ។

លោក ត្រាំ បានចោទ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់លោក Maduro ថា មានរោងចក្រផលិតកូកាអ៊ីន ដូច្នេះលោក ត្រាំ ព្រមានថា ប្រធានាធិបតីកូឡុំប៊ីវ័យ ៦៦ ឆ្នាំរូបនេះត្រូវតែប្រយ័ត្នខ្លួន ។

ជុំវិញប្រទេសម៉ិកស៊ិកវិញ, លោក ត្រាំ អះអាងថា ក្រុមជួញដូរគ្រឿងញៀនកំពុងមានឥទ្ធិពលគ្រប់គ្រងលើប្រទេសនេះ ប៉ុន្តែលោកស្រីប្រធានាធិបតី Claudia Sheinbaum Pardo បែរជាភ័យខ្លាចក្រុមជួញដូរគ្រឿងញៀនទាំងនេះទៅវិញ ។

លោក ត្រាំ ប្រាប់សារព័ត៌មាន Fox News ថា ករណីនេះ យោធាអាមេរិកអាចចូលខ្លួន ទៅកម្ចាត់ក្រុមជួញដូរគ្រឿងញៀន ដែលកំពុងត្រួតត្រាប្រទេសម៉ិកស៊ិក ។

ចំណែកទាក់ទិននឹងប្រទេសគុយបា, ប្រធានាធិបតីទី ៤៧ របស់អាមេរិករូបនេះ កត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនមានបំណងជួយប្រជាជនគុយបា ដែលកំពុងរស់នៅក្រោមរបបដឹកនាំប្រទេសបរាជ័យ ។ លោកថា គុយបាក៏អាចនឹងមានវាសនា ស្រដៀងនឹងវេណេស៊ុយអេឡាផងដែរ ។

សកម្មភាពយោធា របស់ទីក្រុងវ៉ាស៊ីនតោន បានបង្កឱ្យមានការថ្កោលទោស យ៉ាងទូលំទូលាយពីអន្តរជាតិ ហើយ ប្រទេសម៉ិកស៊ិក, កូឡុំប៊ី និង គុយបា ដែលរងការព្រមានពីលោក ដូណាល់ ត្រាំ សុទ្ធតែបានថ្កោលទោស ថា ជាការបំពានច្បាប់អន្តរជាតិ និង គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ទាំងមូល ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner