ចិន សំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងអភិវឌ្ឍប្រព័ន្ធវាយបកទៅសត្រូវ

ប៉េកាំង ៖ ប្រទេសចិនបានចាប់ផ្តើមពង្រីកការផលិតហេដ្ឋារចនាសម្ព័ន្ធក្បាលគ្រាប់នុយក្លេអ៊ែរ ខណៈដែលទីក្រុងប៉េកាំងនឹងបន្ត កសាងឃ្លាំងស្តុក និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធវាយបកឆាប់រហ័សទៅគូសត្រូវ ។ នេះបើតាមកាសែត The Washington Post បានចុះផ្សាយ ។

សេចក្តីរាយការណ៍របស់កាសែតអាមេរិកដ៏ល្បីមួយនេះ ធ្វើឡើងដោយយោងតាមការវិភាគលើរូបភាពពីផ្កាយរណប ដែលបានបង្ហាញពីសកម្មភាពសាងសង់ទីតាំងអភិវឌ្ឍន៍ និងផលិតអាវុធនុយក្លេអ៊ែរជាច្រើនកន្លែងនៅទូទាំងប្រទេសចិន ។

តាមរយៈរូបភាពពីផ្កាយរណប, ចិនត្រូវបានគេសង្ស័យថា កំពុងធ្វើធ្វើទំនើបកម្មទីតាំងផលិតស្នូលក្បាលគ្រាប់ផ្ទុកសារធាតុផ្លុយតូនីញ៉ូម និងទីតាំងផលិតគ្រឿងផ្ទុះ ដែលត្រូវបានប្រើដើម្បីបំផ្ទុះក្បាលគ្រាប់ ។

បើតាមសារព័ត៌មាន The Jerusalem Post, ការធ្វើទំនើបកម្មនេះ ធ្វើឡើងនៅទីតាំងតំបន់ Zitong ក្នុងខេត្ត Sichuan ជាទីតាំងមួយ ដែលត្រូវបានគេសង្ស័យថា បម្រើជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការពង្រីកការធ្វើតេស្តនុយក្លេអ៊ែររបស់ចិន ។

លោក Renny Babiarz អ្នកវិទ្យាសាស្ត្រដែលដឹកនាំការវិភាគនេះនិយាយថា ទីតាំងនោះ មានផ្ទៃក្រឡា ជាង ១៣ ម៉ឺនម៉ែត្រការ៉េ ត្រូវបានសាងសង់រួចរាល់កាលពីឆ្នាំមុន ។ លោកថា រោងចក្រនេះ អាចត្រូវបានប្រើដើម្បីផ្គុំ ដំឡើង និងរៀបចំសមាសធាតុក្បាលគ្រាប់ ។

បើតាមលោក Babiarz, ការសាងសង់ដែលបានសង្កេតឃើញនេះ បង្ហាញពីការវិនិយោគដ៏ធំសម្បើម និងសមត្ថភាពកាន់តែប្រសើរឡើងក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសចិន ។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៦០០ គ្រាប់ ដែលបានស្តុកទុករហូតមកទល់ពេលនេះ ហើយកំពុងពន្លឿនឱ្យឈានដល់ក្នុងចំនួនច្រើនជាង ១ ពាន់គ្រាប់នៅឆ្នាំ ២០៣០ ៕

ប្រភព ៖ The Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner